សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណព្រះមហាក្សត្រ ដែលបានប្រទានពរជ័យជូនសម្តេចក្នុងឱកាសថ្ងៃខួបកំណើត
តបនឹងព្រះរាជសារប្រទានពរជ័យពីអង្គព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃចម្រើនជន្មាយុសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណ ចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានមានប្រសាសន៍ថា សម្ដេចសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារដ៏ឧត្តុង្គឧត្តម ប្រទានពរជ័យ និងផ្កាស្រស់ល្អ១កន្ត្រីកធំ អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់សម្តេចក្នុងឱកាសទិវាខួបកំណើតរបស់សម្តេច តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។
សម្តេចក៏បានថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះហើយសម្តេចចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែបានលើកទឹកចិត្តដល់សម្តេចដើម្បីខិតខំបំពេញភារកិច្ចដឹកនាំសកម្មភាព កាកបាទ ក្រហមកម្ពុជា ទទួលបាននូវជោគជ័យជាបន្តបន្ទាប់ សម្រាប់ជាឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ និង ប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្តេចក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតា រក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីជាមហាម្លប់ដ៏ត្រជាក់ជាទីជ្រកកោនដល់ប្រជារាស្ត្រគ្រប់ៗរូបតរៀងទៅ៕