ក្រសួងមហាផ្ទៃប្រកាសអនុញ្ញាតឲ្យមន្ត្រី ចេញ-ចូល បម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃឡើងវិញ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានប្រកាសអនុញ្ញាតឲ្យមន្ត្រី ចេញ-ចូល បម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែ ធ្នូនេះតទៅ បន្ទាប់ពីបានបិទមួយរយៈ ដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ។
បើយោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ធ្នូនេះ បានបញ្ជាក់ឲ្យដឹងថា ការប្រកាសអនុញ្ញាតឲ្យមន្ត្រី ចេញ-ចូល បម្រើការងារជាធម្មតាវិញនេះ បន្ទាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារមួយចំនួន ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» បានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី៣ រួចរាល់ហើយ ជាមួយនឹងលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩។
ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា សម្រេចអនុញ្ញាតឲ្យ ចេញ-ចូល បម្រើការងារជាធម្មតាវិញនេះ គឺអនុញ្ញាតបានតែ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារបម្រើការងារ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ១៩តែប៉ុណ្ណោះ លើកលែងតែបុគ្គល ដែលត្រូវបន្តតាមដានត្រួតពិនិត្យសុខភាពដោយក្រសួងសុខាភិបាល គឺមិនទាន់អនុញ្ញាតឲ្យចេញ ចូលបរិវេណទីស្តីការក្រសួងមហាផ្ទៃនោះទេ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងការចេញ-ចូល បំពេញការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវចាត់ ឲ្យធ្វើការវាស់កំដៅ លាងសម្អាតដៃដោយទឹកអាល់កុលឬដែលអាល់កុល មុនចូលក្នុងអគារនីមួយៗ និងត្រូវអនុវត្ត វិធានការការពារជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ និងហ្មត់ចត់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល ជាដើម។ ទន្ទឹមនិងនេះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានធ្វើរោគវិនិច្ឆ័យ រកវីរុសកូវី១៩ លើក ទី២ រួចរាល់ ត្រូវបន្តធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត ស្របតាមគោល ការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕