កម្ពុជានឹងទទួលដំណក់ប្រេងជាលើកដំបូងបង្អស់នៅក្នុងឆ្នាំនេះ
ក្រុមហ៊ុនគ្រីសអេនើជី (KrisEnergy) ដែលជាក្រុមហ៊ុនអភិវឌ្ឍអណ្តូងប្រេង នឹងនាំយកម៉ាស៊ីនខួងអណ្តូង មកធ្វើអាជីវកម្មរបស់ខ្លួន នៅក្នុងប្លុកអេ លើដែនសមុទ្រកម្ពុជា ក្នុងនោះក្រុមហ៊ុនសង្ឃឹមថា នឹងទទួលបានដំណក់ប្រេងជាលើកដំបូងនៅចុងឆ្នាំ២០២០នេះ ។
ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់ឲ្យដឹងកាលពីថ្ងៃទី ៣ កញ្ញាថា បើតាមការលើកឡើងពីតំណាងក្រុមហ៊ុន នៅក្នុងកិច្ចប្រជុំនាពេលកន្លងមក បានវាយតម្លៃឲ្យឃើញថា តម្លៃប្រេងលើទីផ្សារបានកំពុងហក់ឡើងបន្តិចម្តងៗ ក្នុងនោះមានប្រទេសមួយចំនួន បានកំពុងចាប់ផ្តើមក្នុងអាជីវកម្មឡើងវិញជាបណ្តើរៗផងដែរ ដូច្នេះតម្លៃប្រេងអាចនឹងអាចហក់ខ្ពស់ នៅក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំបន្ទាប់, ហើយក្នុងពេលបច្ចុប្បន្នក៏មានក្រុមហ៊ុនទិញប្រេងឆៅមួយ បានធ្វើការសិក្សា នឹងបានឲ្យតម្លៃសមរម្យផងដែរ ។
ឯកឧត្តម បន្តថា ដោយប្រេងនៅលើទីផ្សារអាចនឹងហក់ឡើងបន្តិចម្តងៗ នឹងស្របពេលដែលក្រុមហ៊ុនទិញប្រេងឆៅមួយ បានឲ្យតម្លៃសមរម្យ នឹងអាចទទួលយកបាននោះ ក្រុមហ៊ុន KrisEnergy បានកំពុងរៀបចំក្នុងការធ្វើអាជីវកម្មខួងអណ្តូងនៅក្នុងប្លុក ក្នុងនោះចំពោះកិច្ចដំណើរឈានទៅដល់ការខួងអណ្តូងនេះ ក្រុមហ៊ុនខួងអណ្ដូងប្រេងរបស់វៀតណាម PetroVietnam Drilling & Well Service Corporation (PV Drilling) ដែលឈ្នះក្នុងការដេញថ្លៃនោះ នឹងចាប់ផ្ដើមមកអនុវត្តតាមកិច្ចសន្យាខួងអណ្ដូងប្រេង របស់ក្រុមហ៊ុន KrisEnergy នៅក្នុងប្លុក អេ ទៅតាមកិច្ចសន្យារបស់ខ្លួន នាពេលខាងមុខនេះ ។ ពាក់ព័ន្ធនឹងការខួងស្វែងរកដំណក់ប្រេងដំបូងនេះ បើតាមការអះអាងពីតំណាងអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Kris Energy, យើងនឹងអាចទទួលបានដំណក់ប្រេងដំបូងបង្អស់នៅក្នុងឆ្នាំ២០២០ នេះ ។
ទាក់ទងនិងការអភិវឌ្ឍតំបន់ប្រេងការប្លុក អេ, ឯកឧត្តម ជៀប សួរ បានលើកឡើងឲ្យដឹងថា ជុំវិញនឹងការស្វែងរកដំណក់ប្រេង, កន្លងមកនេះ ក្រុមហ៊ុន KrisEnergy បានចុះកិច្ចសន្យាជាមួយក្រសួងរ៉ែ និងថាមពល ក្នុងការធ្វើផលិតកម្មប្រេងមានចំនួន ៨៥ អណ្តូង នៅក្នុងប្លុក អេ, ក្នុងនោះសម្រាប់ដំណាក់កាលដំបូងនេះ ក្រុមហ៊ុនបានចាប់ផ្តើមក្នុងដំណាក់កាលមួយដែលហៅថា មីនី ផ្លាតហ្វ័ម (Mini Platform) ដែលនឹងអនុវត្តចំនួន ៥ អណ្តូង នឹងគ្រោងផលិតប្រេងក្នុងរង្វង់ជាង ៧ ពាន់បារ៉ែល ក្នុងមួយថ្ងៃ ក្នុងនោះប្រសិនការខួងអណ្តូងស្វែងរកប្រកបដោយជោគជ័យ ក្រុមហ៊ុននឹងឈានទៅដំណាក់កាលមួយទៀត ដែលមានចំនួន ២០ អណ្តូង ហើយនឹងអាចឈានទៅអនុវត្តជំហ៊ានជាបន្តបន្ទាប់ផងដែរ ។
សូមបញ្ជាក់ថា៖ បើតាមការព្យាករណ៍របស់ក្រុមហ៊ុន KrisEnergy និងមន្រ្តីជំនាញពាក់ព័ន្ធក្នុងវិស័យប្រេងកាត បានឲ្យដឹងថា តំបន់ប្រេងកាតនៅក្នុងដែនសមុទ្រកម្ពុជា ប្លុកអេ នេះ នឹងអាចធ្វើផលិកម្មប្រេងបាន ក្នុងរង្វង់ជាង ៧ ពាន់លានបារ៉ែល ៕
ប្រភព៖ BTVNews