គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោក​ជំទាវ​ ឱ វណ្ណឌីន អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ផ្ដេកផ្ដួល​ទៅលើ​វ៉ាក់សាំង​កូវីដ​១៩​ រហូត​ដល់​ភ្លេច​ការពារ​ខ្លួននោះឡើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០​ |
    លោក​ជំទាវ​ ឱ វណ្ណឌីន អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ផ្ដេកផ្ដួល​ទៅលើ​វ៉ាក់សាំង​កូវីដ​១៩​ រហូត​ដល់​ភ្លេច​ការពារ​ខ្លួននោះឡើយ​ លោក​ជំទាវ​ ឱ វណ្ណឌីន អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ផ្ដេកផ្ដួល​ទៅលើ​វ៉ាក់សាំង​កូវីដ​១៩​ រហូត​ដល់​ភ្លេច​ការពារ​ខ្លួននោះឡើយ​

    ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រូវផ្តេកផ្តួលទៅលើវ៉ាក់សាំងកូវីដ-១៩ រហូត​ដល់ភ្លេចការពារខ្លួននោះឡើយ។

    ក្រោយទទួលព័ត៌មានថា មានប្រទេសមួយចំនួនកំពុងតែចរាចរណ៍ និងប្រើ​ប្រាស់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​COVID-19 បានធ្វើឲ្យប្រជាពលរដ្ឋមានការអបអរសាទរ និង​ទន្ទឹង​រង់​ចាំការ​មក​ដល់​នៃ​វ៉ាក់​សាំង​​ប្រឆាំង​ជំងឺ COVID-19 នៅកម្ពុជា។ ជាពិសេសក្រោយពេលសម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីកម្ពុជា ប្រកាសពីការទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចាក់ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃនោះ ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានក្តីត្រេកអរ និងសាទរផងដែរ។

    ទន្ទឹមនឹងដំណឹងល្អរបស់ពិភពលោកដែលមានរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និង​ការ​រៀប​ចំផែន​ការ​ទិញ​របស់កម្ពុជានោះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បាន​ផ្ដាំ​ផ្ញើទៅ​កាន់​ប្រជា​ពលរដ្ឋ​​គ្រប់​រូបថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ជាផ្នែកមួយចូល​រួម​ការពារ​ប្រជាពលរដ្ឋ​ពី​ជំងឺ​ដ៏​កាច​សាហាវមួយនេះ។ ប៉ុន្តែនៅ​ក្នុង​ពេល​រង់​ចាំ​ការ​មក​ដល់​វ៉ាក់​សាំង​ដែល​ទទួល​ស្គាល់​ដោយ​អង្គ​ការ​សុខភាព​ពិភព​លោក (WHO) ប្រជាពលរដ្ឋ​មិន​ត្រូវ​ភ្លេច​ខ្លួន​ក្នុង​ការ​ការពារ​ខ្លួន​ដោយ​អនុវត្តន៍​តាម​វិធាន​ការ​ ៣ការពារ និង៣កុំ ដែលស​ម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បានថ្លែងប្រាប់នោះឡើយ។

    លោកជំទាវ​វេជ្ជបណ្ឌិតបន្តថា ទោះបីជាប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងហើយក្ដី ក៏​មិន​គួរ​បំភ្លេច​ចោល​នូវវិធានការអនាម័យ និងគម្លាតសង្គមនោះឡើយ ព្រោះវីរុសអាចវិវឌ្ឍន៍បន្ថែមទៀត។

    សូមជម្រាបជូន​ថា​ ក្នុងឱកាសថ្លែងសារពិសេសកាល​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បាន​ដាក់ចេញនូវវិធានការជាច្រើន ដើម្បីឱ្យក្រសួងសុខាភិបាល និង​អាជ្ញាធរ​ពាក់​ព័ន្ធ​បន្ត​រួម​គ្នាប្រយុទ្ធនឹងជំងឺ​នេះ។ សម្តេច​តេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ។

    * ៣ការពារ រួមមាន៖ ១៖ ពាក់ម៉ាស់, ២៖ លាងដៃ, ៣៖ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។ សម្ដេចបញ្ជាក់ថា ចំណុច៣ការពារនេះសំខាន់ខ្លាំងណាស់ ដូច្នេះទើបអាចយកឈ្នះលើជំងឺCOVID-19 បានដោយជោគជ័យ។

    * ៣កុំ រួមមាន៖ ១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺCOVID-19 កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ។

    គិតត្រឹម​ព្រឹក​ថ្ងៃទី​១៦​ ខែធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​អ្នក​មានវីរុស​កូវីដ​១៩​ សរុបចំនួន ៣៦២ នាក់​ (ករណីនាំចូល​ ៣២១, ព្រឹត្តិការណ៍សហគមន៍ ២៨​វិច្ឆិកា ៤១នាក់) ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​​មានចំនួន​ ៣១៩ នាក់​ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ចំនួន​ ៤៣នាក់​ និង​មិនមាន​អ្នក​ស្លាប់​ទេ​៕ ប្រភព៖ FreshNews

     

    អត្ថបទទាក់ទង