គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សារមន្ទីរទួលស្លែង ទទួលរង្វាន់ Jikji នៃស្មារតីចងចាំពិភពលោកឆ្នាំ​២០២០ របស់អង្គការយូណេស្កូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០​ |
    សារមន្ទីរទួលស្លែង ទទួលរង្វាន់ Jikji នៃស្មារតីចងចាំពិភពលោកឆ្នាំ​២០២០ របស់អង្គការយូណេស្កូ សារមន្ទីរទួលស្លែង ទទួលរង្វាន់ Jikji នៃស្មារតីចងចាំពិភពលោកឆ្នាំ​២០២០ របស់អង្គការយូណេស្កូ

    ភ្នំពេញ៖ យោងតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈដែលទទួលបាននៅថ្ងៃទី​៤កញ្ញានេះ​បាន​ឲ្យដឹងថា​ ​កាលពីថ្ងៃ​ទី១៧ ខែសីហា​ ឆ្នាំ២០២០ អង្គកការ​យូណេស្កូ​ពិភព​លោក​​ដែលមាន​មូលដ្ឋាន​នៅទីក្រុង​ប៉ារីស​ បាន​​សម្រេច​ផ្ដល់​រង្វាន់​ JIKJI នៃ​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ដល់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ លើ​សមិទ្ធ​ផល​​ នៃ​ការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​អភិរក្ស​ឯកសារ​ និង​បណ្ណ​សាររូបថត​ ដែល​ជា​មរតក​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏សំខាន់​សម្រាប់មនុស្សជាតិ​ ។ ការ​សម្រេច​ផ្ដល់​រង្វាន់​ JIKJI នេះ​ធ្វើ​ឡើង​យ៉ាងម៉ត់​ចត់​បំផុត​ពីគណកម្មការ​វាយតម្លៃ​ ដែល​ជ្រើស​រើស​ចេញពី​គណៈ​កម្មាធិការ​ ទីប្រឹក្សា​អន្តរជាតិ​ នៃ​ស្មារតី​ចងចាំ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។

    កម្មវិធីរង្វាន់ Jikji ទទួលបានការគាំទ្រហិរញ្ញវត្ថុដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតាមរយៈអង្គការយូណេស្កូ និងមាន​បំណងជំរុញ លើកទឹកចិត្ត ដល់ស្ថាប័នឯកជន-រដ្ឋដែលកំពុងបម្រើការលើការអភិរក្ស ថែរក្សា ព្រមទាំងផ្ដល់លទ្ធភាពដល់សាធារណជនអាចប្រើប្រាស់បេតិកភណ្ឌឯកសារដែលបេតិកភណ្ឌរបស់មនុស្សជាតិ។

    សូមបញ្ជាក់ជូន​ថា កម្មវិធីជីកជីនៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ បង្កើតឡើងដើម្បីរំលឹកដល់ការដាក់បញ្ចូលសៀវភៅ BuljoJikji Since Yojeol ដែលបោះចេញពីពុម្ពលោហៈចាស់ជាងគេលើពិភពលោក នាអំឡុងពេលនៃ​កិច្ចប្រជុំ​ប្រតិបត្តិ​របស់អង្គការយូណេស្កូកាលពីមេសា ឆ្នាំ២០០៤។

    រង្វាន់​ JIKJI នៃ​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ បាន​ផ្ដល់ជូន​បុគ្គល​ និង​ស្ថាប័ន​សាធារណៈ រៀង​រាល់​២ឆ្នាំម្ដង។ សារមន្ទីរទួលស្លែង ជាស្ថាប័នទី៨ ដែលទទួលបានរង្វាន់ប្រចាំឆ្នាំ២០២០នេះ​ ។

    ការផ្តល់រង្វាន់នេះ ជាសក្ខីភាពមួយបង្ហាញពីស្មារតី នៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សហការជា​មួយដៃគូ​អន្តរជាតិ​នានា ​ក្នុងការថែរក្សាឯកសារទុកជាភស្តុតាង សម្រាប់មនុស្សជាតិទាំងមូលសិក្សារៀនសូត្រ ដើម្បីការពារកុំឱ្យអំពើប្រល័យពូជសាសន៍ កើតឡើងសាជាថ្មីក្នុងប្រទេសកម្ពុជានិងពិភពលោក៕