អង់គ្លេសប្រកាសថានឹងមិនបន្តព្យួរប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ មកលើកម្ពុជាទៀតទេ
ភ្នំពេញ៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានសម្រេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខណ្ឌ័ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញ ទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាននាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះបានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០, លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេស នឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា «រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខណ្ឌ័ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញ ទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺ Covid-19 មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ»។
លោកជំទាវឯកអគ្គរាជទូតបានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថាការសំរេចចិត្តនេះគឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជានៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ ពីមហន្តរាយនៃជំងឺ Covid-19 ។ ឯកឧត្តមបានឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបេ្តជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី៕