គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ចិន​ ផ្ដល់​ជំនួយសម្ភារ និង​បរិក្ខាមួយ​ចំនួន ដើម្បីជួយ​ដល់​កាត់បន្ថយ​ការបញ្ចេញកាបូន​​នៅ​កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០​ |
    ចិន​ ផ្ដល់​ជំនួយសម្ភារ និង​បរិក្ខាមួយ​ចំនួន ដើម្បីជួយ​ដល់​កាត់បន្ថយ​ការបញ្ចេញកាបូន​​នៅ​កម្ពុជា ចិន​ ផ្ដល់​ជំនួយសម្ភារ និង​បរិក្ខាមួយ​ចំនួន ដើម្បីជួយ​ដល់​កាត់បន្ថយ​ការបញ្ចេញកាបូន​​នៅ​កម្ពុជា

    ភ្នំពេញ​៖ តាមរយៈអនុស្សរណៈកាត់បន្ថយកាបូន ក្រសួងអេកូឡូស៊ី និង​បរិស្ថាន តាមរយៈក្រុមហ៊ុន Spark Co., Ltd, បានផ្តល់ឱ្យ​ក្រសួងបរិស្ថានកម្ពុជានូវសម្ភារមួយចំនួន រួមមាន អំពូល​បំភ្លឺផ្លូវ​ចំនួន​២៨០០​ដើម ​សូឡា​PV ​ចំនួន២០០គ្រឿង ម៉ូតូអាគុយចំនួន២០០គ្រឿង និងឧបករណ៍​សម្រាប់​មន្ទីរ​ពិសោធន៍​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​ចំនួន​២០​សម្រាប់ សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​៣លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

    ពិធី​ប្រគល់​សម្ភារៈជានិមិត្តរូប​ដែល​ជា​ជំនួយ​របស់​ក្រសួង​អេកូឡូស៊ី និង​បរិស្ថា​ន​នៃ​ប្រទេស​ចិន​តាម​រយៈ​ក្រុមហ៊ុន Spark Co., Ltd បាន​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំ​កម្ពុជា​ នាថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួង​បរិស្ថាន​។

    ជំនួយជាសម្ភារៈ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាង​ក្រសួង​បរិស្ថាន​ នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។ តាម​រយៈកិច្ច​សហប្រតិបត្តិការ​នេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូម​ចូលរួម​សកម្មភាព​​លើ​កកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធាន​ការ​កាត់​បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មាន​មេត្រី​ភាព​បរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព។

    ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែង​ថា​ជំនួយ​ជា​សម្ភារៈ​ទាំង​នេះ​គឺ​ជាកា​រ​រឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ហើយនឹងជួយប្រទេសកម្ពុជាលើផ្នែកវិស័យបរិស្ថាន។

    ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថានបានថ្លែងអំណរគុណចំពោះក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃប្រទេសចិនដែលបានផ្តល់ជំនួយសម្ភារៈនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាសម្ភារៈបំភ្លឺខាងលើនឹងត្រូវដាក់ឱ្យប្រើនៅតាមទីសាធារណៈក្នុងខេត្តព្រះសីហនុ ជាពិសេសនៅបំភ្លឺនៅតាមសាលារៀននានាក្នុងខេត្តព្រះសីហនុ ហើយក៏ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សបាន សិក្សាពីសម្ភារៈប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏ដូចជាជួយបំភ្លឺកន្លែងហាត់កីឡានានា។ ឯកឧត្តមបានថ្លែងថាគោលដៅសំខាន់គឺធ្វើឱ្យឪពុកម្តាយសិស្សវិលត្រឡប់មកសាលារៀនដើម្បីហាត់កីឡា និងមានឱកាសអាចជជែកពិភាក្សាជាមួយលោកគ្រូអ្នកគ្រូ។ ឯកឧត្តមបន្តថាម៉ូតូអាគុយនិងឧបករណ៍សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ត្រូវបានយកមកប្រើប្រាស់នៅទីស្តីការក្រសួងបរិស្ថាន នៅមន្ទីពិសោធន៍និងតាមទីតាំងត្រួតពិនិត្យតាមដានរបស់ក្រសួងបរិស្ថាន។

    សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ ២០២០ ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងជាមួយស្ថាប័នសំខាន់ៗនៃសារធារណៈរដ្ឋប្រជាមានិតចិន ចំនួន៨ គ្រប់ដណ្តប់លើ (១) កិច្ចសហប្រតិបត្តិការគាំពារបរិស្ថានកម្ពុជា-ចិន (២) ការបង្កើតការិយាល័យរៀបចំមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន (៣) ការផ្ដល់ជំនួយឧបករណ៍ប្រព្រឹត្តកម្មទឹកកខ្វក់ (៤) កិច្ចសហប្រតិបត្តិការសាកល្បងក្នុងការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី (៥) ការរៀបចំមន្ទីរពិសោធន៍សហប្រតិបត្ដិការ កម្ពុជា-ចិន (៦) ការរៀបចំតំបន់បញ្ចេញកាបូនតិច និង (៧) ការផ្ដល់ជំនួយស្ថានីយតាមដានគុណទឹកស្វ័យប្រវត្តិ ជាដើម៕

    អត្ថបទទាក់ទង