គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ស្ថាន​ទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាង​ត្បូង​បញ្ជាក់​ថា ​ករណី​ពលការិនី​ខ្មែរ​ម្នាក់​ស្លាប់​ គឺ​ដោយ​សារ​ជំងឺ​ក្រិន​ថ្លើម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |
    ស្ថាន​ទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាង​ត្បូង​បញ្ជាក់​ថា ​ករណី​ពលការិនី​ខ្មែរ​ម្នាក់​ស្លាប់​ គឺ​ដោយ​សារ​ជំងឺ​ក្រិន​ថ្លើម ស្ថាន​ទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាង​ត្បូង​បញ្ជាក់​ថា ​ករណី​ពលការិនី​ខ្មែរ​ម្នាក់​ស្លាប់​ គឺ​ដោយ​សារ​ជំងឺ​ក្រិន​ថ្លើម

    ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​កូរ៉េ​បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ថា ​ករណី​មាន​ពលការិនី​កម្ពុជា​ម្នាក់​ស្លាប់ ​គឺ​ដោយ​សារ​ជំងឺ​ក្រិន​ថ្លើម​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ ​មិន​ដូច​ការ​ផ្សព្វផ្សាយរបស់​ក្រុម​ប្រឆាំង​នោះឡើយ។​ នេះ​បើយោ​ង​តាម​សេចក្តី​បំភ្លឺ​ព័ត៌​មាន​ចេញ​កាល​ពី​នៅ​ថ្ងៃ​ទី​២៤​ ​ខែ​ធ្នូ ​ឆ្នាំ២​០២០។​

    សេចក្តីបំភ្លឺព័ត៌មាននេះ បានសង្កត់ធ្ងន់ថា ក្រុមឧទ្ទាមក្រៅច្បាប់ ដែលតែងតែប្រឆាំង និងមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មួយចំនួនតូច បានវាយប្រហារមកកាន់មន្ត្រីស្ថានទូតកម្ពុជា ដោយគ្មានមូលដ្ឋាន និងឆ្លៀតកេងចំណេញនយោបាយពីមរណភាពពលការិនីខាងលើ។ អំពើនេះ ស្ថានទូតកម្ពុជា បានធ្វើការថ្កោលទោស និងចាត់ទុកជាអំពើ អគុណធម៌ និងអមនុស្សធម៌ចំពោះប្រជាជាតិរបស់ខ្លួន។

    ករណីខាងលើនេះ ក្រុមឧទ្ទាមក្រៅច្បាប់ បានចោទប្រកាន់ និងមិនផ្ដល់សច្ចៈធម៌ទៅដល់មន្ត្រីស្ថានទូតកម្ពុជា នៅសាធារណរដ្ឋកូរ៉េ អំពីការជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរ និងការចូលរួមនយោបាយផងដែរ។ ករណីនេះ ស្ថានទូតកម្ពុជា បានបញ្ជាក់ថា ក្រៅពីម៉ោងរដ្ឋបាល និងអគាររដ្ឋបាល មន្ត្រីស្ថានទូត ក៏ដូចជាពលរដ្ឋកម្ពុជាទូទៅ គឺមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ដូចមានចែងក្នុង មាត្រា៣៥ ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។

    ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ជ្រាបជាព័ត៌មាន និងសូមជឿទុកចិត្តលើស្ថានទូតកម្ពុជា ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ ហើយកុំជឿលើ ការបំផ្លើស និងញុះញង់ របស់ក្រុមឧទ្ទាមមួយចំនួនតូច ដែលមាននិន្នាការប្រឆាំង ជាហេតុបណ្ដាលឲ្យខាតបង់ឧត្ដមប្រយោជន៍ជាតិ ប្រជាជន និងទំនាក់ទំនងល្អជាមួយភាគីកូរ៉េ។

    យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០កន្លងមក ស្ថានទូតបានទទួលព័ត៌មានផ្លូវការពីប៉ូលីសកូរ៉េ អំពីការស្លាប់ពលការិនី ផ្នែកកសិកម្មឈ្មោះ នួន សុខខេង ដែលបានទទួលមរណភាពនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤៖៣០នាទីរសៀល ស្ថិតនៅតំបន់ផូឆន់។

    ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ បញ្ជាក់​ថា​ បន្ទាប់​ពី​បាន​ទទួល​របាយការណ៍ផ្លូវ​ការ​អំពី​ការ​ធ្វើ​កោសល្យ​វិច្ឆ័យ​សាកសព ដែល​ផ្ដល់​ដោយ​ប៉ូលីស​កូរ៉េ​នៅ​ថ្ងៃទី​២៤​ ខែធ្នូ ឆ្នាំ​២០២០​ គឺ​ពលការិនី​​ឈ្មោះ​ នួន​ សុខខេង​ ខាងលើ​ បាន​ស្លាប់​បណ្ដាល​មក​ពី​មាន​ជំងឺ​ក្រិន​ថ្លើម​ផ្ទាល់ខ្លួន​ជាបញ្ហាចម្បង​។យោងទៅតាមនីតិវិធីរបស់ប៉ូលីស ជាមួយនឹងកិច្ចអន្ដរាគមន៍ និងតាមដានរបស់ស្ថានទូត ការធ្វើកោសល្យវិច្ច័យនេះ នឹងត្រូវបញ្ជូនទៅតុលាការ និងរដ្ឋអាជ្ញា ធ្វើការស៊ើបអង្កេតមើលបន្តទៀត ដើម្បីឲ្យកាន់តែមានភាពច្បាស់លាស់ និងសុក្រឹត្យភាព។ ទន្ទឹមនេះ ស្ថានទូតកម្ពុជា បានទទួលការសូមទោសពីបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកកូរ៉េមួយចំនួន និងបានកែតម្រូវអំពីមូលហេតុនៃការស្លាប់របស់ពលការិនីខាងលើឡើងវិញ ក្រោយពីពួកគេទទួលបានដំណឹងពីប៉ូលីសកូរ៉េដូចគ្នា។

    បើតាមសេចក្តីបំភ្លឺនេះ ស្ថានទូតកម្ពុជា តែងតែជួយសម្របសម្រួលឯកសារ ចាត់ចែងតាមនីតិវិធីក្នុងការរៀបចំពិធីបូជាសព និងសហការជាមួយការិយាល័យមេធាវី ក្រុមអ្នកច្បាប់ ក្នុងការប្ដឹងទាមទារគ្រប់ករណីទាំងអស់ ដើម្បីរកយុត្តិធម៌ឲ្យមានតម្លាភាពជូនទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាការពារផលប្រយោជន៍របស់ពលរដ្ឋខ្មែរទាំងអស់។

    ចំពោះស្ថានទូតកម្ពុជា និងស្ថានទូតតាមបណ្ដាប្រទេសបញ្ជូនពលករទាំង១៥ទៀត តែងតែលើកបញ្ហា នៃការស្នាក់នៅរបស់ពលករ បញ្ហាកូវីដ និងបញ្ហាផ្សេងៗ ទៅពិភាក្សា ជាមួយអាជ្ញាធរកូរ៉េ ជាពិសេសអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហា ឲ្យកាន់តែមានប្រសិទ្ធិភាព និងផ្ដល់ភាពកក់ក្ដៅទៅដល់ពលករទាំងអស់៕

    អត្ថបទទាក់ទង