ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ៣សម្រេចការសាងសង់ ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ២០២១ខាងមុខនេះ
នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេស ចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ៣ ដើម្បីទទួលបាននូវគុណភាពតាមស្ដង់ដារបច្ចេកទេ និងអាចប្រើប្រាស់បានយូរអង្វែង។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ គិតមកដល់ពេលនេះសម្រេចការសាងសង់បាន ៩០%ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ ឯកឧត្ដមបន្តថា ក្រុមហ៊ុនសាងសង់បានធ្វើការយ៉ាងស្រស្រាក់ស្រស្រាំ និងបញ្ចប់ការសាងសង់មុខការកំណត់ដល់ទៅមួយឆ្នាំ។
គម្រោងសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីភ្នំពេញ ទៅខេត្តកំពត មានចម្ងាយ ១៣៤គីឡូម៉ែត្រ ក្នុងនោះពីរង្វង់មូលចោមចៅទៅបែកគុស មានចម្ងាយ ៧០គីឡូម៉ែត្រ បានពង្រីកជា ៤គន្លង និង២គន្លង ចាប់ពីបែកគុស ទៅខេត្តកំពត ដោយក្រាលបេតុងកៅស៊ូ (AC) ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិនជាង ២០០លានដុល្លារអាមេរិក។
បន្ថែមលើកការសាងសង់ផ្លូវជាតិលេខ៣នេះ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងដាក់កាមេរ៉ា ចំនួន ១០ទីតាំងផ្សេងៗគ្នាទាំងទៅទាំងមក ដើម្បីចាប់យានយន្តលើសល្បឿនកំណត់ និងរៀបចំឱ្យមានការបង្កប់ជញ្ជីងថ្លឹងរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដើម្បីត្រួតពិនិត្យទម្ងន់ ហើយធ្វើការផ្ទៀងផ្ទាត់ជាមួយការថ្លឹងរបស់ស្ថានីយ៍ជញ្ជីងអចល័ត ដែលនឹងសាងសង់នៅសងខាងផ្លូវតែម្ដង៕