ស្ថានទូតកម្ពុជា អំពាវនាវឲ្យពលរដ្ឋខ្មែរនៅថៃចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលថៃ ខណៈថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន
រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលការឆ្លងនៃជំងឺកូវីដ១៩ រលកថ្មីនៅក្នុងប្រទេសថៃ។ នៅបើយោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ បន្តចូលរួមសហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាព អនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ បន្តទៀត។
ជាមួយគ្នានេះដែរ បើករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងទៅកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខទូរស័ព្ធ ០៩២ ៨០៥០ ៥៦១ និង០៩៤ ០៩២៥ ៩០៥។
សូមជម្រាបជូនថា ប្រទេសថៃកំពុងប្រឈមមុខនឹងការកើនឡើងនូវករណីជំងឺ COVID-19 ក្នុងសហគមន៍នាពេលថ្មីៗនេះ បន្ទាប់ពីមានការផ្ទុះឡើងនៅខេត្តសាមុតសាខន។ គិតមកដល់បច្ចុប្បន្ន ថៃ មានអ្នកឆ្លង COVID-19 ៨,៩៦៦នាក់ ក្នុងនោះស្លាប់ ៦៥នាក់ និងជាសះស្បើយឡើងវិញ ៤,៣៥២នាក់៕