ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៥ គ្រោងរៀបចំនាថ្ងៃ២៤មករាខាងមុខនេះ
ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៥ គ្រោងរៀបចំនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ខាងមុខនៅតំបន់អង្គរ ខេត្តសៀមរាប បន្ទាប់ពីត្រូវបានពន្យាពេលដោយសារព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្ដម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការសម្រេចរៀបចំឡើងវិញ នូវព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំដ៏ធំនេះ គឺក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២៨វិច្ឆិកាដោយជោគជ័យកាលពីថ្មីៗ ស្របពេលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាក៏ធូរស្រាលដែរ។ ហេតុនេះគណៈកម្មការកំពុងមមាញឹកក្នុងការរៀបចំ ដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរលើកទី២៥ នៅខេត្តសៀមរាបគ្រោងរៀបចំនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ តែក្រោយផ្ទុះនូវព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ស្របពេលមានការណែនាំអំពីការផ្អាកសកម្មភាពជួបជុំមនុស្ស ដើម្បីបង្ការជំងឺកូវីដ១៩ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏សម្រេចចិត្តលើកពេលព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ រហូតមកទល់បច្ចុប្បន្ន៕