សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល
សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល និងជារៀងរាល់ថ្ងៃដោយសារទីនោះមានទេសភាពស្រស់បំព្រងមិនថារដូវប្រាំងឬរដូវវស្សាឡើយ។
លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថា ទឹកធ្លាក់អូរជាំ កំពុងឆក់យកបេះដូងភ្ញៀវទេសចរយ៉ាងខ្លាំងជាពិសេសអ្នកទេសចរដែលនិយមធ្វើដំណើរ ផ្សងព្រេងដោយសារទីនោះ មានផ្ទាំងថ្មដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត មានទឹកធ្លាក់ត្រជាក់ស្រឹប រួមជាមួយព្រៃព្រឹក្សាខៀវស្រងាត់ ហើយមានភ្នំល្វឹងល្វើយអម ដោយផ្កាព្រៃចម្រុះពណ៌ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរបោះតង់ សម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ធម្មជាតិព្រៃភ្នំ និង ងូតទឹកធ្លាក់ដ៏ត្រជាក់កាយ រំសាយអារម្មណ៍ បាត់អស់ទុក្ខកង្វល់។
លោកបន្តថាទឹកធ្លាក់ធម្មជាតិនេះមានកម្ពស់ ៣០ ម៉ែត្រហ៊ុមព័ទ្ធទៅដោយផ្ទាំងថ្មធំៗ និងមានប្រភពទឹកធ្លាក់ពីលើភ្នំ ដែលធ្លាក់ចុះមកក្រោមមិនចេះរីងស្ងួតទោះបីស្ថិតនៅរដូវប្រាំងក៏ដោយ ។
លោកបញ្ជាក់ថា ភ្ញៀវទេសចរអាចដើរទស្សនាកម្សាន្តតាមភ្នំ ព្រមទាំងងូតទឹកជ្រោះកម្សាន្តសប្បាយតាមដំណាក់នីមួយៗ ពិសេសពិសាអាហារប្លែកៗក្នុងតំបន់ ដែលចម្អិនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងសហគមន៍ផ្ទាល់ និងអាច សិក្សាស្រាវជ្រាវស្វែងយល់ពីសហគមន៍ ហើយទទួលនូវបទពិសោធប្លែកៗជាមួយនឹងធម្មជាតិទៀតផង។
«កាលណាយើងធ្វើដំណើរតាមជ្រលងភ្នំ យើងឃើញទិដ្ឋភាពប្រជាកសិករយើងធ្វើដំណាំកសិកម្មហើយយ៉ាងណាមិញនៅពេលដែលយើងចូលទៅតំបន់នោះពោរពេញទៅដោយទឹកធ្លាក់ដែលត្រជាក់មានផ្ទៃដីទូលំទូលាយប្រមាណជាង ២គីឡូម៉ែត្រហើយមានថ្មភ្នំធម្មជាតិស្អាតៗដោយមាន ដើមផ្កាដើមឈើប្រណិតធំៗដែលជាទីទាក់ទាញភ្ញៀវទេសចរហើយជាពិសេសទៀតនៅលើខ្នងភ្នំនោះយើងអាចសំឡឹងមកឃើញតំបន់ផ្សេងៗទៀត ពិសេសនោះ គឺយើងអាចឃើញរហូតទៅដល់សមុទ្រថៃឯណោះ»។
សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបងមានចម្ងាយប្រមាណជាង៨០គីឡូម៉ែត្រពីក្រុងបាត់ដំបង៕