សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យនគរបាលស្រាវជ្រាវចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ដែលបង្កសំឡេងរំខានដល់ពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ កែច្នៃបំពង់ស៊ីម៉ាំង ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ។
បទបញ្ជាជាថ្មីរបស់ សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីកែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងដែលមានការពាក់ព័ន្ធ និងប្រធានស្ថាប័នជាច្រើនផ្សេងទៀតផងដែរ។
ការដាក់បទបញ្ជារបស់ សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងបន្ទាប់ពីសម្ដេចសង្កេតឃើញថា មានករណីក្មេងទំនើងមួយចំនួនជិះម៉ូតូធំ កែច្នៃបំពង់ស៊ីម៉ាំង ខុសលក្ខណៈបច្ចេកទេសនៃទ្រង់ទ្រាយដើម ហើយមានសំឡេងលឺខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ពិសេសសម្ដេចផ្ទាល់ក៏ធ្លាប់ជួបការរំខាន ដោយសំឡេងបំពង់ស៊ីម៉ាំងនេះផងដែរ៕