ក្រសួងកសិកម្ម ប្រកាសដាក់ភូមិព្រែកតាច្រែង ជាតំបន់ផ្ទុះចម្លងជំងឺផ្តាសាយបក្សី (H5N1)
ភ្នំពេញ៖ ក្រសួងកសិកម្ម បានសម្រេចប្រកាសដាក់ភូមិព្រែកតាច្រែង ដែលមានសត្វមាន់ងាប់ជាច្រើនពាន់ក្បាល ជាតំបន់ដែលមានការផ្ទុះជំងឺឆ្លងផ្តាសាយបក្សី(H5N1) និងបញ្ជាសម្លាប់ចោលចំពោះបក្សីគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺតាមវិធានបច្ចេកទេសបសុពេទ្យ។
យោងតាមសេចក្តីប្រកាសថ្ងៃទី១២មករារបស់ក្រសួងកសិកម្ម ក្រោយការរកឃើញការផ្ទុះ នៃជំងឺលើសត្វបក្សីនេះ ក្រសួងបានសម្រេចផ្អាកជាបណ្តោះអាសន្នលើការទិញ, លក់និងការដឹក ជញ្ជួនបក្សីគ្រប់ប្រភេទ ចូល និងចេញឬឆ្លងកាត់រង្វង់កាំប្រវែង៣គីឡួម៉ែត្រពីចំណុចផ្ចិ តនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះ ជាតំបន់ត្រួតពិនិត្យ និងតាមដាន។ សេចក្តីសម្រេចបានដាក់បញ្ជាការសិក្សាស្រាវជ្រាវប្រភព នៃការឆ្លងជំងឺផ្តាសាយបក្សីនេះរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំមើលចលនាបក្សីជាប្រចាំក្នុងរង្វង់ ដែលមានកាំប្រវែង ១០គីឡូម៉ែត្រពីចំណុចផ្ចិត នៃតំបន់ផ្ទុះជំងឺនោះ។ សេចក្តីប្រកាស បានព្រមានការដាក់ទោសតាមច្បាប់ចំពោះជនណាដែលប្រព្រឹត្តនឹងបទល្មើសដាក់ចេញដោយក្រសួងកសិកម្មនេះថែមទៀត។
សេចក្តីប្រកាសដាក់បទបញ្ជានេះ បានធ្វើឡើងក្រោយការរកឃើញរបស់ក្រុមជំនាញបសុពេទ្យនៃការផ្ទុះជម្ងឺ ផ្តាសាយ H5N1 ដែលបានសម្លាប់សត្វមាន់ជាងមួយពាន់ក្បាលភូមិព្រែកតាច្រែងរវាងពីថ្ងៃទី៦ដល់៩មករាឆ្នាំ ២០២១៕