គ.ជ.ប ប្រកាន់ជំហរផ្នែកច្បាប់ដដែលលើមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងគណបក្សLDP ដែលប្រមាថលើខ្លួន
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប ប្រកាន់ជំហរផ្នែកច្បាប់ដដែលទៅមន្រ្តីជាន់ខ្ពស់ម្នាក់របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) បន្ទាប់មន្រ្តីរូបនេះបានមើលងាយយ៉ាងធ្ងន់ធ្ងរលើខ្លួន ហើយបានចោទប្រកាន់មកស្ថាប័នជាតិមួយនេះដោយពុំមានឯកសារ និងគតិយុត្តិច្បាស់លាស់នោះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ លោក សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា គ.ជ.ប ជាអាជ្ញាកណ្តាលមួយសម្រាប់លើកិច្ចការងារបោះឆ្នោត ហើយស្ថាប័ននេះពុំបានយកគណបក្សនយោបាយណាមួយធ្វើជាសត្រូវនោះឡើយ ប៉ុន្តែមន្រ្តីមួយរួបនៃគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលបានចោទប្រកាន់និងជេរប្រមាថយ៉ាងគគ្លើនមកលើស្ថាប័នជាតិមួយនេះ នឹងមិនលើកលេងឲ្យនោះឡើយ ហើយគ.ជ.ប.នឹងចាត់វិធានការតាមផ្លូវច្បាប់ ដូចអ្វីដែលគ.ជ.ប បានប្រកាសនាពេលកន្លងមកនេះ។
ជាមួយគ្នានោះដែរ លោក សោម សូរីដា ក៏បានលើកឡើងផងដែរថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាគណបក្សមួយដែលរញ៉េរញ៉ៃ ធ្វើអ្វីៗគិតថាខ្លួនឯងល្អទាំងអស់ ហើយគណបក្សនេះបានសាបព្រោះដល់យុវជនខ្មែរឲ្យមានការស្អប់ខ្ពើម និងជេរប្រមាថជាតិសាសន៍ខ្លួនឯង ខណៈការលើកឡើងរបស់គណបក្សមួយនេះមកលើស្ថាប័នគ.ជ.ប នាពេលកន្លងទៅពុំមានឯកសារ និងភស្តុតាងណាមួយច្បាស់លាស់ ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតនោះ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកអ៊ី សាំងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) បន្ទាប់ពីមន្រ្តីរូបនេះបានហៅស្ថាប័នគ.ជ.បថា ជា«ចោរ» ពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត នៅក្នុងឆ្នាម២០២០នេះ។
គ.ជ.ប បានប្តឹងលោកអ៊ី សាំងឡេង ចំនួន៣ បទល្មើស គឺបទបរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ជាដើម។ យ៉ាងណាក៏ដោយគ.ជ.ប.ប្រកាសថា គ្រប់គណបក្សនយោបាយទាំងអស់ចំនួនជាង៤០ ដែលបានចុះបញ្ជីនោះគឺសុទ្ធតែជាដៃគូដ៏ល្អ ជាមួយស្ថាប័ននេះ ហើយគ.ជ.ប គាំទ្រជានិច្ចសម្រាប់មតិយោល និងការរិះគន់ដើម្បីស្ថាបនា ប៉ុន្តែការប្រមាថមើលងាយនឹងមិនលើកលែងឲ្យនោះឡើយ ហើយនឹងត្រូវចាត់វិធានការទៅតាមច្បាប់យ៉ាងដូច្នេះដែរ៕ ប្រភព៖ BTV