លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាំយកថវិការសប្បុរសជនជាង ១៦ម៉ឺនដុល្លារ និងគ្រឿងបរិភោគមួយចំនួន ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
សៀមរាប៖ នៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច រួមជាមួយសប្បុរសមួយចំនួនទៀត បាននាំយកថវិកាផ្ទាល់ខ្លួន និងថវិកាសប្បុរសជនចំនួន ១៥២,៩៥០ដុល្លារ និង ៣៩ លានរៀលព្រមទាំងសម្ភារៈពេទ្យ និងគ្រឿងបរិភោគមួយចំនួន ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៧ ដើម្បីរកមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារកប្រមាណជាង ៥០០នាក់ ។
នាឱកាសសំណេះសំណាលនោះដែរ លោកស្រី ពេជ ចន្ទមុន្នី បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម។
លោក ងួន សុភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសប្បុរសជនដទៃទៀត ដែលបានឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌នៅក្នុងមន្ទីរពេទ្យជាបន្តបន្ទាប់ ដែលនេះជាការលើកទឹកចិត្តដ៏ថ្លៃថ្លាក្នុងការបន្តបេសកកម្មរបស់ក្រុមគ្រូពេទ្យ ក្នុងការព្យាបាលកុមារកម្ពុជា។ លោកបានបន្តឲ្យដឹងថា នៅឆ្នាំ២០២០ នេះមន្ទីរពេទ្យបានទទួលថវិកាជាង៤០ ម៉ឺនដុល្លារពីសប្បុរសជននៅក្នុងស្រុកដែលបានឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌នៅក្នុងមន្ទីរពេទ្យ៕
ប្រភព៖ BAYON Radio