គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចក្រឡាហោម ស ខេង​ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ជាង២ពាន់នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១​ |
    សម្ដេចក្រឡាហោម ស ខេង​ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ជាង២ពាន់នាក់ សម្ដេចក្រឡាហោម ស ខេង​ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ជាង២ពាន់នាក់

    បាត់ដំបង៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធីប្រគល់​សញ្ញាបត្រជូន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូន​ដល់​និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន ២ពាន់នាក់។

    យោងតាមរបាយការណ៍ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង ចាប់ពីឆ្នាំ២០០៨មក មានអតីត​និស្សិត​ជាង​២​ម៉ឺន​នាក់​ជា​ធនធាន​សំខាន់​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​សង្គម និងសេដ្ឋកិច្ចជាតិ ក្នុងស្ថាប័នសាធារណៈ និងឯកជនជាង៩០ភាគរយ ក្នងវិស័យសំខាន់ ដូចជា​សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច និងវិស័យ​សំណង់​ជាដើម ខណៈនៅថ្ងៃនេះ​សាកល​វិទ្យាល័យ​ផ្ដល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យ​លាភី​ចំនួន​២០២៣​នាក់ ស្រី១០៥០នាក់ ក្នុងនោះនិស្សិតបរិញ្ញាបត្ររង១៣១នាក់ បរិញ្ញាបត្រ១៧៤៩នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់១៤៣នាក់។

    សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អជា​បន្ត​បន្ទាប់​ ក្នុងនោះក៏មានការរៀបចំកែសម្រួលថ្នាក់ដឹកនាំសាកាលវិទ្យាល័យជាតិបាត់ដំបង ដើម្បី​ធ្វើ​ឱ្យ​សាកលវិទ្យាល័យកាន់តែមានកិត្យានុភាព និងការជឿទុកចិត្តពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

    សម្ដេចក្រឡាហោម បា​ន​សម្ដែង​ការ​កោត​សរសើរ​ប្រកប​ដោយ​ជំនឿ​ចិត្ត​ចំពោះ​សមាសភាព​គណៈកម្មការ​ដែលជួយគាំទ្រដល់ដំណើរកសាកលវិទ្យាល័យបាត់ដំបង និងគណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ ថានឹងអាចរួមកម្លាំងសាមគ្គីគ្នាសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បី​ឈាន​ទៅ​បន្ត​អភិវឌ្ឍន៍​សាកលវិទ្យាល័យ​នេះ​ឱ្យកាន់​តែ​មាន​គុណភាព​ក្នុង​ការ​អប់រំ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស។ សម្ដេច​បាន​មាន​ប្រសាន៍​ថា​ មាន​តែ​ធន​ធានមនុស្ស​ទេ​ដែល​អាច​ធ្វើ​ឱ្យ​សង្គម​កាន់​តែ​មាន​ការរីកចំរើន។

    នៅក្នុងឱកាសនោះដែរសម្ដេចក៏បានមានប្រសាសន៍អំពីទស្សនៈដឹកនាំ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដែលជាដាក់ចេញដោយសម្ដេចតេជោនាយករដ្ឋមន្រ្តី ដោយ​សម្ដេច​បាន​ផ្ដល់​ការយល់ឃើញ និងពន្យល់ថា កញ្ចប់ក្នុងន័យធៀប គឺការពិនិត្យ​មើល​ថា​តើ​ក្នុង​មួយ​ថ្ងៃ​យើង​ធ្វើ​អ្វីខ្លះខុស និងត្រវ ដើម្បីយកកំហុសទៅកែលម្អរ ដែលលសម្ដេច​ថាការ​កែលម្អ​រ​នោះ​ហើយ​មាន​ន័យថា​ដូចនឹងទស្សនៈថា ងូតទឹក និងដុះក្អែល។

    សម្ដេចក្រឡាហោមបានបន្តថា​ និស្សិតដែលមានឱកាសសិក្សា លោកគ្រូអ្នកគ្រូដែលមា​ន​ឱកាស​បង្រៀន​នៅទីនេះ គឺដោយសារតែប្រទេសជាតិមានសន្តិភាពពិតប្រាកដ នៅឆ្នាំ១៩៩៨ ក្រោមការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខ បន្ទា​ប់​ពី​បាន​ឆ្លង​កាត់​សង្គ្រាម​កាប់​សម្លាប់​អស់​រយៈពេលជាច្រើនឆ្នាំ។ សម្ដេចបានចាត់ទុកសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព​សង្គម​ និងសេដ្ឋកិច្ច សន្តិសុខ និងការអភិវឌ្ឍជាតិដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះ ថាជា​ទ្រព្យ​សម្បត្តិ​មហាសាល​ដែលត្រូវរួមគ្នាថែរក្សា។

    សម្ដេចក្រឡាហោម​បាន​ផ្ដល់​អនុសាសន៍​ឱ្យគណៈកម្មការគ្រប់​គ្រង​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួនស្របតាមផែនការសកម្មភាពដែលបានកំណត់ ដើម្បី​ធ្វើ​កំណែ​ទម្រង់ និងជំរុញការអភិវឌ្ឍសាកលវិទ្យាល័យ និងបន្តណែ​នាំ​តម្រង់​ទិស​ដល់​សាកល​វិទ្យាល័យ​​ជាតិ​បាត់ដំបង លើការងារដឹកនាំគ្រប់គ្រងការងារបច្ចេកទេស និង​ការងារ​ធានា​គុណភាព​អប់រំ​ឱ្យ​ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងបាន​ផ្ដល់​អនុសាសន៍​បន្ថែម​ដល់​សាកល​វិទ្យាបាត់​ដំបង​ និងនិស្សិតជ័យលាភី៕

     

    អត្ថបទទាក់ទង