គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន៖ កម្ពុជាឯកភាពទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទស៊ីណូហ្វាម របស់ប្រទេសចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១​ |
    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន៖ កម្ពុជាឯកភាពទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទស៊ីណូហ្វាម របស់ប្រទេសចិន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន៖ កម្ពុជាឯកភាពទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទស៊ីណូហ្វាម របស់ប្រទេសចិន

    ភ្នំពេញ ៖ ​លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ នា​ព្រឹក​ថ្ងៃទី​២០ មករា ២០២១​នេះ បានបញ្ចាក់​ថា ប្រទេស​កម្ពុជា​ ឯកភាព​ក្នុង​ការ​ទទួលយក​នូវ​វ៉ាក់សាំង​កូ​វីដ​១៩ ​ប្រភេទ ស៊ី​ណូ​ហ្វា​ម របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​គឺ ស៊ី​ណូ​ហ្វា​ម​ប៉ៃ​ជី​ង​។

    ការបញ្ជាក់​ជូន​របស់​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន យ៉ាង​ដូច្នេះ​ធ្វើឡើង​តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​បន្ទាន់​នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​–១៩ ​ស្តីពី​វ៉ាក់សាំង​កូ​វីដ​–១៩ (COVID-19 Vaccination) ​ដែល​ដឹកនាំ​ដោយ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​ នឹង​ជំងឺ​កូ​វីដ​–១៩, នា​ទីស្តីការ​ក្រសួងសុខាភិបាល ​កាលពី​រសៀល​ថ្ងៃទី​១៩ ខែមករា​ ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​នេះ ​ក៏មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ ថា្នក់​ដឹកនាំ​ក្រសួងសុខាភិបាល ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​និង​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួមទាំង ​ក្រុមការងារ​បច្ចេកទេស​សុខាភិបាល​។

    លោកជំទាវ បាន​ឲ្យ​ដឹង​ទៀតថា ​អង្គ​ប្រជុំបាន​ឯកភាព​សម្រេចយក​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ដែលជា​ជំនួយ​របស់​ចិន ​ហើយក៏​ជា​ការ​អនុវត្តន៍​ស្របតាម​ការ​ចង្អុលបង្ហាញ ក៏ដូចជា​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្ត​ ដែល​លោក​បានសម្រេច ​និង​មាន​ឆន្ទៈ ​ក្នុងការ​គិតគូរ​ជាទីបំផុត ទៅលើ​សុខទុក្ខ ​សុខភាព ​និង​សុខុមាលភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ​លើ​ការប្រយុទ្ធប្រឆាំង​ ក៏ដូចជា​ការទប់ស្កាត់ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​–១៩ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេស​កម្ពុជា​អាច​ទទួល​បាន​វ៉ាក់សាំង ​ដើម្បី​យក​មកប្រើ​ប្រាស់​ដូច​បណ្តា​ប្រទេស​នានា ​នៅលើ​សកលលោក។

    លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​សង្កត់ធ្ងន់ថា​ ក្នុង​ជំហាន​ដំបូង​ក្រសួងសុខាភិបាល ​មិនមែន​គិត​ត្រឹមតែ​មនុស្ស​ដែល​ត្រូវ​ទទួល​បាន​នៅក្នុង​កម្រិត​សម្រាប់​តែ​១​លាន​ដូ​ស​នោះទេ​។​ ប៉ុន្តែ​ជំហាន​ដំបូង​គឺ​ក្រសួង ​បាន​គិតគូរ​លើស​ពី​ចំនួន​នេះ ​ក្រុម​អាទិភាព ​ដែល​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​–១៩​ដោយ​ស្ម័គ្រចិត្ត ​គឺ​ក្រុម​បុគ្គលិក​សុខាភិបាល​ជួរមុខ​, ក្រុម​មន្រី្ត​រាជការ​ស៊ីវិល​ជួរមុខ​, កងកម្លាំង​អន្តរាគមន៍​, ជន​បង្គោល​នៅ​តាម​សហគមន៍​, ប្រជាជន​ដែល​មាន​វ័យ​ចំណាស់​ អាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើងទៅ ​និង​មនុស្ស​ពេញវ័យ​ ដែល​មាន​អាយុ​ចាប់ពី​១៨ ទៅ​៦៤​ឆ្នាំ ​និង​ក្រុម​អាទិភាព​ចុងក្រោយ គឺ​កម្មករ កម្មការិនី​។ នេះ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​អន្តរក្រសួង​ ហើយ​លទ្ធផល​ទាំងអស់នេះ ​ក៏បាន​ដាក់​ស្នើសុំ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​ស​ម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។ ទន្ទឹមនឹងនោះ ​សម្តេច​តេ​ជោ ​បាន​ផ្តល់​នូវ​ការឯកភាព​ទៅលើ​ស្មារតី​នៃ​អង្គប្រជុំ​រួចហើយ​ដែរ​។ ​ដូច្នេះ​ក្រុមការងារ​អន្តរក្រសួង ​នឹង​បន្តការងារ​នេះ ​ទៅតាម​ការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ នាយក​រដ្ឋ​មន្រី្ត​៕ ប្រភព៖ BTV

    អត្ថបទទាក់ទង