គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងបរិស្ថាន សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ នៅ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​ និង​អភិរក្ស​កេសរកូល​ សុខ​ អាន​ ភ្នំគូលែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១​ |
    ក្រសួងបរិស្ថាន សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ នៅ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​ និង​អភិរក្ស​កេសរកូល​ សុខ​ អាន​ ភ្នំគូលែន​ ក្រសួងបរិស្ថាន សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ នៅ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​ និង​អភិរក្ស​កេសរកូល​ សុខ​ អាន​ ភ្នំគូលែន​

    សៀមរាប៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាល​រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញ​កាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៣២គីឡូវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពល(អាគុយ)៨៧គីឡូវ៉ាត់ម៉ោង នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ក្នុងខេត្តសៀមរាប។

    ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ តំណាងអាជ្ញាធរខេត្តសៀមរាប តំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ និងមន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍មួយចំនួនទៀត។

    ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ចាត់ទុកថា ស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យនេះគឺជាមជ្ឈមណ្ឌលទី១ នៅក្នុងប្រទេសកម្ពុជា ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចូលរួមដល់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ធ្វើការកំណត់អត្តសញ្ញាណ និងរក្សានូវពូជកេសរកូលព្រៃ រុក្ខជាតិ និងសត្វក្នុងស្រុក ជាពិសេសប្រភេទដែលកំពុងរងគ្រោះថ្នាក់ ប្រភេទកម្ររ និងប្រភេទជិតផុតពូជ សំដៅធានាដល់និរន្តភាពនៃធនធានជីវៈចម្រុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តម សាយ សំអាល់ បានលើកឡើងផងដែរថា មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នឹងរួមចំណែកធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសទេសចរណ៍ផ្សារភ្ជាប់នឹងវប្បធម៌-ធម្មជាតិ និងជួយបង្កើនជម្រើសមុខរបរ ប្រភពចំណូលបន្ថែម និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះបានមួយកម្រិតបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

    គួរបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបាននឹងកំពុងបន្តប្រមូលប្រភេទកេសរកូលព្រៃពីតំបន់ភ្នំគូលែន និងតំបន់ដទៃទៀតដើម្បីកត់ត្រា និងកំណត់អត្តសញ្ញាណបន្ថែមទៀត។

    លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បង្កើតឡើងដើម្បី៖

    ១. ការសិក្សាស្រាវជ្រាវ៖ កំណត់អត្តសញ្ញាណ ធ្វើសារពើភណ្ឌ និងកំណត់លក្ខណៈវិនិច្ឆ័យ និងមុខងារពិសេសនៃប្រភេទនីមួយៗ តាមបែបវិទ្យាសាស្រ្ត

    ២. ការអភិរក្ស៖ សង្រ្គោះ បង្កាត់ បណ្តុះ បន្សុទ្ធពូជ និងស្តារ ប្រភេទកេសរកូលព្រៃដែលកំពុងរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិឡើងវិញ ជាពិសេសសម្រាប់រក្សាពូជកេសរកូលព្រៃ

    ៣. ការអប់រំផ្សព្វផ្សាយ៖ ជាកន្លែងអប់រំ និងផ្សព្វផ្សាយ ស្តីពីប្រភេទ និងចំនួន នៃកេសរកូលព្រៃនៅកម្ពុជា

    ៤. ការកំសាន្ត៖ ផ្តល់ទស្សនីយភាពកេសរកូលព្រៃធម្មជាតិ ទីកន្លែងលំហែរកាយ ទស្សនាធម្មជាតិ និង កំសាន្តនានា៕

    ប្រភព៖ ក្រសួងបរិស្ថាន

    អត្ថបទទាក់ទង