គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ចំណូលពីវិស័យប្រេងកាត ក្លាយជាប្រភពដែលមានសក្ដានុពលសម្រាប់ថវិកាជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១​ |
    ចំណូលពីវិស័យប្រេងកាត ក្លាយជាប្រភពដែលមានសក្ដានុពលសម្រាប់ថវិកាជាតិ ចំណូលពីវិស័យប្រេងកាត ក្លាយជាប្រភពដែលមានសក្ដានុពលសម្រាប់ថវិកាជាតិ

    ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ប្រមូល​ចំណូល​ពី​វិស័យ​ប្រេងកាត ​ដែលជា​ប្រភព​សក្ដានុពល​ចំណូល​ថ្មី ក្នុង​រង្វង់​ប្រមាណ​ ២៧ លាន​ដុល្លារ​ ដែលជា​ចំណូល​សារពើពន្ធ ​និង​ចំណូល​មិនមែន​សារពើពន្ធ​។

    ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង​ក្នុង​វេទិការ​សាធារណៈ ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច ​និង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២១ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នេះ​ថា ពាក់ព័ន្ធ​និង​ការ​ប្រមូល​ចំណូល រាជរដ្ឋាភិបាល​កម្ពុជា​ អនុវត្តន៍​ការ​ប្រមូល​ចំណូល​បាន​ល្អ​ប្រសើរ ​ជាក់ស្តែង ​នៅក្នុង​ឆ្នាំ ២០២០ កន្លងមកនេះ​ កម្ពុជា​ប្រមូល​ចំណូល​បាន​ប្រមាណ ៥ ៧០០ ​លាន​ដុល្លារ​អាមេរិក នៃ​ចំណូល​ក្នុងស្រុក ដូច្នេះ​ធ្វើ​ឲ្យ​ស្ថានភាព​ថវិកា​ កម្ពុជា​ឈរ​បាន​រឹងមាំ ។

    ​ឯកឧត្តម បន្តថា សម្រាប់​ការប្រមូល​ចំណូល​នៅក្នុង​ឆ្នាំ ២០២១ នេះ​, រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បាន​ប្រភព​ចំណូល​ពី​វិស័យ​ប្រេងកាត​ដែល​ជា​សក្ដានុពល​ថ្មី​មួយទៀត ក្នុងនោះ ​ប្រភព​ចំណូល​ដែល​មិនមែន​សារពើរ​ពន្ធ មាន​ទំហំ​ទឹកប្រាក់​ក្នុង​រង្វង់ ១៤ លាន​ដុល្លារ​អាមេរិក​។​ បើ​គិត​ចំណូល​ទាំង​ចំណូល​សារពើពន្ធ ចំណូល​នេះ ​នឹង​អាច​កើន​ឡើង​ក្នុង​រង្វង់ ២៧ លាន​ដុល្លារ​អាមេរិក ​ដោយ​ផ្អែក​ទៅតាម​សេណា​យ៉ូ​ កំណត់​របស់​រដ្ឋាភិបាល ។

    ពាក់ព័ន្ធ​ចំណូល​ប្រេងកាត​, លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច នៃ​រាជ​បណ្ឌិត្យសភាកម្ពុជា ​លើកឡើងថា ​ការរំពឹងទុក​ចំណូល​ពន្ធ ២៧ លាន​ដុល្លារ​នេះ វា​ជា​ប្រភព​ចំណូល​មួយ​មាន​ភាព​ប្រាកដប្រជា​ និង​ជួយ​ដល់​ថវិកា ​ជាតិ កុំ​ឲ្យ​មាន​ឱនភាព​សាច់ប្រាក់ ច្រើន​នៅ​ក្នុង​វិបត្តិ​កូ​វីដ ១៩ នេះ និង​ក៏​ជា​ការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​យើង​ឲ្យ​ប្រសើរ​ឡើងវិញ​ផងដែរ ។

    ទាក់ទង​និង​វិស័យ​ពន្ធដារ​, ថ្មីៗ​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ យកចិត្តទុកដាក់ ​ពិនិត្យ និង​សិក្សា​លើ​លទ្ធភាព​នៃ​ការប្រមូល​ចំណូល​ដែលមាន​សក្ដានុពល​ផ្សេងទៀត ដោយ​គិតគូរ​ទាំង​ទិដ្ឋភាព​ចំណូល​សារពើពន្ធ និង​មិនមែន​សារពើពន្ធ ​ដើម្បី​ធានា​បាន​នូវ​អនុលោមភាព​សារពើ​​ពន្ធ និង​ការប្រមូល​ចំណូល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ​ក្នុងនោះ​ប្រភព​ចំណូល​ពី​វិស័យ E-Commerce, វិស័យ​ប្រេងកាត​ដែល​ជា​សក្តានុពល​ថ្មី​, វិស័យ​ធន​ធន​រ៉ែ ​ព្រមទាំង​វិស័យ​ដែល​មាន​សក្តានុពល​មួយចំនួនទៀត ។

    សូមបញ្ជាក់ថា​ ទាក់ទង​និង​ការ​អភិវឌ្ឍ​តំបន់​ប្រេង​ការ​ប្លុក អេ​, របស់​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី (KrisEnergy) ក្រុមហ៊ុន KrisEnergy បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​រ៉ែ ​និង​ថាមពល ​ក្នុង​ការធ្វើ​ផលិតកម្ម​ប្រេង​មាន​ចំនួន ៨៥ អណ្តូង ​នៅក្នុង​ប្លុក អេ​, ក្នុងនោះ​សម្រាប់​ដំណាក់កាល​ដំបូង​នេះ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ក្នុង​ដំណាក់កាល​មួយ​ដែល​ហៅថា មី​នី ផ្លាត​ហ្វ័​ម (Mini Platform) ​ដែល​នឹង​អនុវត្ត​ចំនួន ៥ អណ្តូង​ នឹង​គ្រោង​ផលិត​ប្រេង​ក្នុង​រង្វង់​ជាង ៧ លាន​បារ៉ែល ​នៅក្នុង​ដំណាក់កាល​ដំបូង ក្នុងនោះ​ប្រសិន​ការ​ខួងអណ្តូង​ស្វែងរក​ប្រកបដោយ​ជោគជ័យ​ ក្រុមហ៊ុន​នឹង​ឈានទៅ​ដំណាក់កាល​មួយទៀត ដែលមាន​ចំនួន ២០ អណ្តូង ហើយនឹង​អាចឈាន​ទៅ​អនុវត្ត​ជំហាន​ជា​បន្តបន្ទាប់​ទៀត ៕

    ប្រភព៖ BTV

    អត្ថបទទាក់ទង