កម្ពុជា-សហភាពអឺរ៉ុបពិគ្រោះយោបល់លើយុទ្ធសាស្រ្តរបស់សហភាព ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧
ភ្នំពេញ ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាការងារជាមួយលោកស្រី ខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ផ្តោតលើការពិគ្រោះយោបល់ទៅលើយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិកា រអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧។ ជំនួបពិភាក្សានានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជម្រាបជូនឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នូវវិស័យ អាទិភាពទាំង០៣ នៃយុទ្ធសាស្រ្ត អឺរ៉ុបស្តីពី កិច្ច សហ ប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧ ដែលរួមមាន៖ ១) កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ, ២) កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ដោយផ្តោតសំខាន់លើវិស័យជលផល, និង៣) អភិបាលកិច្ច និងនីតិរដ្ឋ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានរំលឹកផងដែរ អំពីសមិទ្ធផលមួយចំនួនក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងសហភាពអឺរ៉ុប។ ក្នុងចំណោមសមិទ្ធផលទាំងនោះ គឺមានគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅសង្កាត់បាក់ខែង ដែលត្រូវបានទ្រទ្រង់ដោយជំនួយឥតសំណងពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បូករួមនឹងឥណទានពីធនាគារវិនិយោគអឺរ៉ុប ដែលគម្រោងនេះនឹងបង្កើតការងារប្រហែល ១៦,០០០ កន្លែង និងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន ដែលកំពុងមានតម្រូវការទឹកស្អាតបំផុត។
ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ខាងលើ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសមាហរណកម្មអាស៊ាន ជាពិសេសទាក់ទងនឹងបញ្ហាគម្លាតអភិវឌ្ឍន៍រវាងរដ្ឋសមាជិក ការគាំទ្រពីសហភាពអឺរ៉ុបចំពោះកិច្ចខិតខំប្រឹងប្រែងកម្ពុជា ក្នុងការធ្វើសមាហរណកម្មចូលទីផ្សារតំបន់ និងខ្សែច្រវាក់តម្លៃ ស្ថានភាពពលករចំណាកស្រុក ស្ថានភាពទីផ្សារអឺរ៉ុបសម្រាប់អង្ករកម្ពុជា វិស័យទេសចរណ៍ កិច្ចសហការជាមួយវិស័យឯកជន ការបណ្តុះបណ្តាលជំនាញ និងកិច្ចគាំពារសង្គម ការជំរុញការវិនិយោគទ្វេភាគី ដែលភាគីទាំងពីរបានឯកភាពថា យុទ្ធសាស្រ្តសម្រាប់បញ្ហាខាងលើតម្រូវឱ្យមានការសម្របសម្រួលទៅតាមស្ថានការណ៍នៃការរីករាលដាលនៃជំងឺ-១៩ ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ដែលបានអនុវត្តទាំងក្រោមក្របខណ្ឌទ្វេភាគី និងរួមគ្នាជាមួយបណ្តាប្រទេសអឺរ៉ុប និងដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលជាងពីរទសវត្សន៍កន្លះកន្លងមកនេះ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រីបានសម្តែងការស្វាគមន៍ចំពោះការពិគ្រោះយោបល់បឋមនេះ ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពអភិវឌ្ឍន៍នានារបស់សហភាពអឺរ៉ុប។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញផងដែរនូវការទន្ទឹងរង់ចាំចំពោះការបញ្ចប់នៃយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុប ស្តីពី កិច្ច សហ ប្រតិបត្តិកា រអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧៕