ពលករខ្មែរមកពីថៃម្នាក់ទៀតហើយ រកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ និងមិនមានករណីជាសះស្បើយទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងខាភិបាល ពលករខ្មែរមកពីប្រទេសថៃដែលមានវិជ្ជមានកូវីដ១៩នោះ ជាស្ត្រី អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០៣ របស់ស្ត្រីរូបនេះ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
កត់សម្គាល់ដែរថា ស្ត្រីខាងលើនេះត្រូវបានធ្វើតេស្តលើកទី៣ ដោយសារមិត្តភ័ក្ត្ររបស់គាត់ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅតេស្តលើកទី២ ដែលពួកគាត់បានធ្វើដំណើរមកពីប្រទេសថៃជាមួយគ្នា។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៦៦នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៤៤៣នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២៣នាក់ និងមិនមានករណីស្លាប់ទេ៕