សម្ដេចពិជ័យសេនា ទៀ បាញ់៖ សមយុទ្ធនាគមាសឆ្នាំ២០២១ ត្រូវបានលើកពេលដោយសារការរីករាលដាលមេរោគកូវីដ
កំពង់ស្ពឺ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងឲ្យដឹងថា សមយុទ្ធនាគមាសឆ្នាំ២០២១ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ត្រូវបានលើកពេល ដោយសារការរីករាលដាលនូវមេរោគកូវីដ១៩ និងទឹកជំនន់ កាលពីឆ្នាំ២០២០កន្លងទៅ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះ ខណៈសម្ដេចអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសម្ពោធទីលានហ្វឹកហាត់ចម្រុះ និងការសម្តែងលំហាត់របស់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ នៅវិទ្យាស្ថានទ័ពជើងគោក ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅឆ្នាំ២០២១នេះ គឺមិនអាចធ្វើបាននោះឡើយ ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ គឺនៅតែមានដដែល។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ផងដែរថា ទីលានហ្វឹកហាត់ចម្រុះ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយរបស់កងទ័ពចិន ហើយទីលាននេះគឺវានឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់កងទ័ពកម្ពុជា ក្នុងការហ្វឹកហាត់ជំនាញបន្ថែមទៀត ក្នុងវិស័យការពារជាតិ ហើយក៏ជាការបញ្ជាក់នូវទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។
ឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពកម្ពុជា និងកងទ័ពចិន គឺជាផ្នែកមួយដ៏សំខាន់ នៃការកសាងសហគមន៍ជោគវាសនារួមគ្នាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតសម្រាប់ប្រទេសទាំងពីរ ហើយកងទ័ពទាំងពីរតែងតែរក្សាបាននូវទំនុកចិត្តយុទ្ធសាស្ត្រគ្រប់កម្រិតខ្ពស់ ដោយបានអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែការនាពេលកន្លងទៅនេះ។
ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរថា កងទ័ពចិន និងកងទ័ពកម្ពុជានៅប្រគៀកស្មាគ្នាជានិច្ចក្នុងកិច្ចសហប្រតិបត្តិការនានា ជាពិសេសរួមគ្នាប្រយុទ្ធប្រឆាំងនៃការរីករាលដាលនូវមេរោគកូវីដ១៩ នាពេលបច្ចុប្បន្ននេះតែម្តង៕ ប្រភព៖ BTV