លោកជំទាវ ម៉ែន សំអន ជំរុញ និងលើកទឹកចិត្តឲ្យមន្រ្តីរាជការពង្រឹងសមត្ថភាពបន្ថែមលើវិស័យអធិការកិច្ច
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សន្និបាតនេះមានគោលបំណងត្រួតពិនិត្យវាយតម្លៃនិងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ កន្លងមកនិងដាក់ចេញនូវវិធានការទិសដៅថ្មីៗសម្រាប់អនុវត្តឆ្នាំបន្ទាប់ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងបម្រើប្រជាជន សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អដែលជាឧត្តមប្រយោជន៍របស់សង្គមជាតិទាំងមូលស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយបានកំណត់ នូវអាទិភាព សូចនាករ និងក្របខ័ណ្ឌពេលវេលាច្បាស់លាស់សម្រាប់អនុវត្ត និងយន្តការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ផ្អែកលើលទ្ធផលការងារ ព្រមទាំងមានកំណត់ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ននៅតាមមុំ ឬវិស័យនីមួយៗឲ្យទទួលបានជោគជ័យតាមផែនការ ។
សន្និបាតរយៈពេលមួយថ្ងៃនេះមានរបៀបវារៈចំនួន ៤ ដែលនឹងត្រូវដាក់ចូលក្នុងកិច្ចពិភាក្សា រួមមាន ៖
ទី១. ការពង្រឹងប្រសិទ្ធភាពកិច្ចការទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់
ទី២. ការពង្រឹងប្រសិទ្ធភាពកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
ទី៣. ការពង្រឹងប្រសិទ្ធភាពកិច្ចការអធិការកិច្ច ទទួលពាក្យបណ្ដឹង និង ដោះស្រាយពាក្យបណ្ដឹង
ទី៤. ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានអធិការកិច្ច ។
លោកជំទាវក៏បានជំរុញ និងលើកទឹកចិត្តឲ្យមន្រ្តីរាជការពង្រឹងសមត្ដភាពបន្ថែមលើវិស័យអធិការកិច្ច តាមដានការអនុវត្តច្បាប់ ដោះស្រាយពាក្យបណ្តឹង និងផ្សព្វផ្សាយច្បាប់ ។ លោកជំទាវ បានស្នើសុំសមាជិក សមាជិកា នៃអង្គសន្និបាតឲ្យចូលរួមផ្តល់មតិក្នុងកម្មវិធីពិភាក្សាឲ្យបានផុលផុសទៅតាមរបៀបវារៈ សន្និបាត ហើយចូលរួមគាំទ្រ និងអនុវត្តឲ្យបានសកម្មបន្តទៀត នូវគោលនយោបាយសំខាន់ៗលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងទិសដៅការងារសំខាន់ៗដែលត្រូវអនុវត្តនៅឆ្នាំ២០២១ ឲ្យទៅជាចលនារួមដ៏ខ្លាំងក្លាសំដៅសម្រេចឲ្យបានជាផ្លែផ្កាបន្តទៀត និងបានប្រកាសបើកសន្និបាតជាផ្លូវការ៕