គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រឹទ្ធសភាចាប់ដៃគ្នាជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោដោះស្រាយវិវាទស្រ្តីទន់ខ្សោយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១​ |
    ព្រឹទ្ធសភាចាប់ដៃគ្នាជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោដោះស្រាយវិវាទស្រ្តីទន់ខ្សោយ ព្រឹទ្ធសភាចាប់ដៃគ្នាជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោដោះស្រាយវិវាទស្រ្តីទន់ខ្សោយ

    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសហការចាប់ដៃគ្នាជាមួយក្រុមមេធាវីសមត្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ជាពិសេសស្ត្រីទន់ខ្សោយងាយរងគ្រោះ ដែលមានការរំលោភសិទ្ធិ ពីសំណាក់ជនអគតិមួយចំនួននោះ។

    ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីរវាង «កិច្ចសហប្រតិបត្តិការរវាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅវិមានព្រឹទ្ធសភា ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចុះអនុស្សរណៈជាមួយស្ថាប័នព្រឹទ្ធសភានេះ គឺជាការបង្កើននូវសកម្មភាពបន្ថែមទៀត ក្នុងកិច្ចការជួយដល់ពលរដ្ឋ និងស្រ្តីទន់ខ្សោយងាយរងគ្រោះ ខណៈសកម្មភាពនៃការជួយនាពេលកន្លងទៅ ពីក្រុមសំណាក់មេធាវីសម្តេចតេជោបានរាប់ពាន់ករណី ហើយភាគច្រើនគឺបញ្ហារំលោភដីធ្លី ពីពួកអ្នកមានលុយ និងមានអំណាចមួយក្តាប់តូចនោះ។

    ថ្លែងបន្ទាប់ពីចុះអនុស្សរណៈនោះដែរ ឯកឧត្តម យ៉ង សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានឲ្យដឹងផងដែរថា សមាជិកព្រឹទ្ធសភា បានចែកចេញជាភូមិភាគ ហើយបានចុះជួយ និងដោះស្រាយវិវាទជាច្រើនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន បន្ទាប់ពីពួកគាត់ មានបញ្ហាអ្វីកើតឡើងនោះ។

    ឯកឧត្តម បានបន្តទៀតថា ក្រោយពីចុះអនុស្សរណៈជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នេះព្រឹទ្ធសភា នឹងកាន់តែងាយស្រួលបន្ថែមទៀតក្នុងការពន្លឿន នៃការដោះស្រាយរាល់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ការពារសិទ្ធិ និងផលប្រយោជន៍របស់ពួកគាត់ដោយមិនមាននិន្នាការអ្វីនោះឡើយ។

    បើតាមឯកឧត្តម គី តិច បានឲ្យដឹងផងដែរថា ការចុះអនុស្សរណៈយោគយល់គ្នារវាង «កិច្ចសហប្រតិបត្តិការរវាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»នេះ គឺជាលើកដំបូងបំផុត ហើយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នឹងមានគម្រោងចុះអនុស្សរណៈជាមួយស្ថាប័នផ្សេងទៀតដើម្បីជួយដល់ស្រ្តីរងគ្រោះ ទន់ខ្សោយ និងមានការរំលោភសិទ្ធិរបស់ពួកគាត់ជាដើមនោះ។

    សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន មានចំនួន១៣៧នាក់ និងមានវត្តមាននៅគ្រប់បណ្តារាជធានី-ខេត្តនៃប្រទេសកម្ពុជា ហើយក្រុមមេធាវីនេះបំពេញភារកិច្ចពុំទទួលយកប្រាក់កម្រៃពីសេវារបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ។ ក្រុមមេធាវីមានភារកិច្ចពិគ្រោះ ផ្តល់យោបល់ជូនប្រជាពលរដ្ឋ និងទទួលជួយការពារលើកិច្ចការបន្ទាន់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានធ្វើសំណើសុំអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រFacebook និងតាមការប្រមូលផ្តុំតវ៉ានានា ជាដើមនោះ៕

    អត្ថបទទាក់ទង