ក្រសួងសុខាភិបាល ណែនាំឲ្យអភិបាលរាជធានី-ខេត្ត អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការច្បាប់ចំពោះអ្នកគេចវេសមិនធ្វើចត្តាឡីស័ក
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានណែនាំទៅអភិបាលរាជធានី-ខេត្ត អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការច្បាប់ចំពោះអ្នកគេចវេសមិនធ្វើចត្តាឡីស័ក តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល»។
ការណែនាំរបស់ក្រសួងសុខាភិបាលនេះធ្វើឡើង ភ្លាមៗបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ អនុវត្តន៍វិធានការច្បាប់ ក្នុងការផាកពិន័យលើជនដែលរត់គេចពីការធ្វើចតាឡីស័ក ដោយមិនត្រូវមានការលើកលែង ឬយោគយល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដានជំងឺកូវិដ១៩ចូលក្នុងសហគមន៍។
បើតាមកសេចក្តីណែនាំ ក្រសួងសុខាភិបាល បានរំលឹកនូវវិធានការទណ្ឌកម្មមួយចំនួន ដែលនឹងត្រូវធ្វើលើជនដែលគេចវេសពីការធ្វើចត្តាឡីស័ក តាមមាត្រា៨ នៃជំពូកទី៥។
ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា តាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដែលបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ជំពូកទី៥ ស្តីពីទណ្ឌកម្ម ក្នុងមាត្រា៨ បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណាដែលគេចវេសមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តន៍វិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ២០ម៉ឺនរៀលទៅ១លានរៀល ទៅតាមទំហំនៃបទល្មើស និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។
ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេសពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានគូសបញ្ជាក់ដែរថា ក្នុងករណីដែលអ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនមិនព្រមអនុវត្តតាមបទបញ្ញត្តិនៃកថាខណ្ឌខាងលើ មន្ត្រីចត្តាឡីស័កត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបដិសេធការចេញចូលកម្ពុជា៕