ឯកឧត្តម ខៀវ កាញារីទ្ធ ៖ អ្នកសារព័ត៌មានត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ កុំឱ្យគេមើលងាយ
ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា អ្នកសារព័ត៌មាន គួរតែលើកកិត្តិយសខ្លួនឯងដោយត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈឱ្យត្រឹមត្រូវ ខណៈដែលវិស័យសារព័ត៌មានត្រូវបានចាត់ទុកជាអំណាចទី៤ ដែលអាចជួយដោះ ស្រាយផលវិបាកនានារបស់សង្គម។
ថ្លែងក្នុងពិធីប្រកាសប្រគល់ពានរង្វាន់ដល់អ្នកកាសែតជ័យលាភីក្នុងការប្រឡងអត្ថបទព័ត៌មានក្នុងបរិបទកូវីដ-១៩ នាព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា បច្ចុប្បន្នតម្លៃអ្នកសារព័ត៌មានការធ្លាក់ចុះ ដោយសារតែមានសារព័ត៌មាន មួយចំនួនខ្វះវិជ្ជាជីវៈ ធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជន និងប៉ះពាល់ដល់សង្គមជាតិទាំងមូល។
ឯកឧត្ដម បានមានប្រសាសន៍ដូច្នេះថា «ខ្ញុំតែងតែសំណូមពរដល់មន្រ្ដីក្រសួងព័ត៌មានត្រូវខិតខំសរសេរព័ត៌មានបទយកការណ៍ ព័ត៌មាន និងផ្សេងៗទៀត ដែលអាចផ្សព្វផ្សាយបាន នេះគឺជាចំណុចល្អបំផុត និងសរសើរនូវគំនិតផ្ដួចផ្ដើមឱ្យមានការប្រកួតសរសេរព័ត៌មាននេះ ហើយជាគុណប្រយោជន៍ដ៏ធំ ជាពិសេស ដើម្បីជួយអ្នកការសែតរបស់យើងលើកសមត្ថភាព ព្រោះ បច្ចុប្បន្ន នេះ យើង ដឹងហើយ ថា តម្លៃអ្នក សារព័ត៌មាន យើងមួយចំនួនធ្លាក់ចុះ ដោយអ្នក សារព័ត៌មាន អត់វិជ្ជាជីវៈ ដែលមានភាពរញ៉េរញ៉ៃច្រើន ដែលធ្វើឱ្យធ្លាក់ចុះ។ ដូច្នេះ ក្លឹបអ្នកកាសែតកម្ពុជា មានគំនិតល្អណាស់ អ្នកព័ត៌មានគួរយកផ្សព្វផ្សាយទៀត ដើម្បីបង្ហាញថា យើងនៅមានអ្នកការសែតវិជ្ជាជីវៈច្រើន ដែលគិតគូរពីសង្គម ។មិន មែន អ្នក កាសែត ទាំងអស់ ចាំតែអង្គុយ អ្នក កាសែត ចេះតែជេរគេ មិន មែន ទេ»។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីបានលើកទឹកចិត្ដដល់ក្លឹបអ្នកការសែតកម្ពុជាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអប់រំបណ្ដុះបណ្ដាលអ្នកសារព័ត៌មានរបស់កម្ពុជា ឱ្យកាន់តែមានវិជ្ជាជីវៈ ដើម្បីស្ដារកិត្តិយសអ្នកសារព័ត៌មានឱ្យមានការទទួលស្គាល់ និងការគោរពនៅក្នុងសង្គមកម្ពុជា៕