ទីតាំង ២៣កន្លែងត្រូវបានបិទជាបណ្ដោះអាសន្ន ក្រោយរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
ភ្នំពេញ៖ បន្ទាប់ពីបានរកឃើញថាមានករណីឆ្លងជំងឺកូវីដ១៩ ជាច្រើនករណី ដែលសម្ដេចតេជោ បានដាក់ឈ្មោះថា ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ទីតាំងជាច្រើនត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីធ្វើការយកសំណាកអ្នកដែលពាក់ព័ន្ធទាំងអស់ធ្វើតេស្តរកវីរុសកូវីដ១៩។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ២៣កន្លែងត្រូវបិទដែលក្នុងនោះមាន៖ ក្លឹប N8, Casa by Meridian, Le Gong Guan Hotel, City Comfort, The Bridge, The Point Service Apartment, Mekong Street, Pent House Apartment, Skyline Dume, Somet Condoninium, Residence L Olympic, Prince Plazza Centre, Celeste Skybar, Diamon Twin, JinZun ខារ៉ាអូខេមុនព្រលាន, ក្លឹប Coco សណ្ឋាគារកណ្ដាលសួនច្បារ, JuHao មុខហាងឆ្នេរមាស, ហាង The World, ហាថ វ័នមែនសិន, ក្លឹប ១៦៨ អតីតនគរសំរិទ្ធិ, Love, វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី, សាលា SIS (សាខាផ្សារដើមគ)។
សេចក្ដីជូនព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ៣៥នាក់ ក្នុងនោះមាន៣១នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានអ្នកជំងឺកូវីដចំនួន ០២នាក់បានជាសះស្បើយផងដែរ។
គឹតត្រឹមម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៥៦៨នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៤៧៥នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៩៣នាក់ និងមិនមានករណីស្លាប់ទេ៕