រដ្ឋមន្ត្រីការបរទេសអាស៊ាន យល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់បង្កើនកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ដែលត្រូវបង្កើនកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គមដែលរងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការឯកភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំនោះដែរ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងប្រកបដោយភាពស្មោះត្រង់អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តលើកកំពស់វឌ្ឍភាពក្នុងការកសាងសហគមន៍អាស៊ាន ការពង្រឹងពង្រីកទំនាក់ទំនងរបស់អាស៊ាន ជាមួយដៃគូខាងក្រៅ និងការពង្រឹងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានផ្លាស់ប្ដូរយោបល់ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្ដីបារម្ភ និងចំណាប់អារម្មណ៍រួមគ្នា រួមទាំងការវិវឌ្ឍ នៃស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា៕