គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អណ្ដើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ពងបាន ៧១ពង ជាលើកដំបូង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១​ |
    អណ្ដើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ពងបាន ៧១ពង ជាលើកដំបូង អណ្ដើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ពងបាន ៧១ពង ជាលើកដំបូង

    កោះកុង៖ មេអណ្តើកហ្លួងចិញ្ចឹមចំនួន ៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិមិ្មត ក្នុងមជ្ឈមណ្ឌលអភិរក្ស សត្វល្មូនខេត្តកោះកុងសរុបមានចំនួន ៧១ពង ដែលនេះគឺជាជោគជ័យមួយក្នុងកិច្ចការអភិរក្ស សត្វល្មូន ដែលជាសត្វតំណាងឱ្យប្រទេសកម្ពុជា។

    សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WCS ប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី២ មីនា ឆ្នាំ២០២១ នេះបានបង្ហាញ រូបភាពដែលទទួលបានពីម៉ាស៊ីនថតសត្វស្វ័យប្រវត្តិបានបញ្ជាក់ថា ពងអណ្តើក ហ្លួងទាំងអស់នោះ គឺជាពងរបស់មេអណ្តើកហ្លួង ចំនួន៥ក្បាលដែលក្រុមការងារបានយកទៅចិញ្ចឹម ថែទាំនៅក្នុងមជ្ឈមណ្ឌលនោះក្បាល ពីជាង ១០ឆ្នាំមុន។

    លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំតំបន់កោះកុងនិងមេគង្គនៃអង្គការ សមាគមអភិរក្ស សត្វព្រៃកម្ពុជា (WCS) បានថ្លែងថា «នេះជាលើកទីមួយហើយដែលអណ្តើកហ្លួងចិញ្ចឹមនៅក្នុង មជ្ឈមណ្ឌលនេះបានពង ក្រោយពេលដែលមេ អណ្តើក ហ្លួងទាំងនេះត្រូវបានយកមកចិញ្ចឹមថែ ទាំតាំងពីឆ្នាំ ២០០៦មក។ ក្រុមការងារនឹងពិភាក្សាគ្នាថាតើត្រូវសាងសង់សម្បុកសប្បនិមិត្តដើម្បី ភ្ញាស់ពងទាំងនេះ ឬមួយក៏ទុកវាឱ្យញាស់ក្នុងសភាពដើម។»

    លោក ស្ទីវឹន ផ្លាត (Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វនិង ថលជលិក នៃអង្គការ WCS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា «នេះគឺជារឿងដ៏រំភើបនិងដ៏សំខាន់មួយដែលមិនគួរ ឱ្យជឿថាប្រភេទសត្វអណ្តើកក៏កម្របែបនេះអាចពងនៅទីនេះ។ ការបង្កកំណើតរបស់សត្វអណ្តើក ហ្លួងដែលយើង យកមកចិញ្ចឹមគឺជាគោលដៅអភិរក្សមួយសម្រាប់ស្តារប្រភេទអណ្តើកហ្លួង ដែលជិត ផុតនេះឡើងវិញនៅក្នុងប្រទេសកម្ពុជា។ យើងរំពឹងថាគម្រោងនឹងអាចជំរុញការបង្កាត់ប្រភេទ អណ្តើកនេះបានចំនួនច្រើននៅក្នុងមជ្ឈមណ្ឌលនេះ និងអាចយកវាទៅលែងចូលក្នុងទី ជម្រកធម្មជាតិ របស់វាវិញ។»

    លោកស្រីបណ្ឌិត សុនចា លូហ្ស៍ (Dr Sonja Luz) អនុប្រធានផ្នែកអភិរក្ស ស្រាវជ្រាវ និងពេទ្យសត្វ នៃឧទ្យានសត្វព្រៃប្រទេសសឹង្ហបុរី (WRS) បានមានប្រសាសន៍ថា «ឧទ្យានសត្វព្រៃប្រទេសសឹង្ហបុរី (WRS) មានក្តីរំភើបដោយបានចូលរួមចំណែកក្នុងគោលដៅដ៏សំខាន់ មួយទៀតដើម្បីអភិរក្សប្រភេទ អណ្តើកដ៏កម្រនេះ។ ឆ្នាំ ២០២១ គឺជាការចាប់ផ្តើមដ៏អស្ចារ្យមួយ សម្រាប់អណ្តើកហ្លួង បន្ទាប់ពីយើង បានលែងប្រភេទអណ្តើកនេះចំនួន ១០ក្បាលចូលទៅក្នុងទីជម្រកធម្មជាតិវិញកាលពីចុងខែមករា កន្លងទៅ។»

    លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា «យើងមានមោទនភាព ណាស់ដែលទទួលលទ្ធផលដ៏អស្ចារ្យនេះ។ រដ្ឋបាលជលផលសូមធ្វើការលើកទឹកចិត្ត និងគាំទ្រពេញ ទំហឹង និងបន្តកិច្ចការស្រាវជ្រាវនេះទៀតដើម្បីសម្រេចគោលដៅក្នុងពេលអនាគត ហើយយើង សង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់ កូនចៅជំនាន់ក្រោយៗទៀត។»

    បច្ចុប្បន្នមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ១៩២ក្បាល។ អណ្តើកហ្លួង ជំទង់ចំនួន ៩៦ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ ២០១៥ មក ហើយក្រុមការងារគ្រោងនឹងលែង ៥០ក្បាលទៀតនៅចុងឆ្នាំ ២០២១ខាងមុខនេះ។ អណ្តើកស្ទើរជំទង់ និងជំទង់នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានចិញ្ចឹមថែទាំនៅក្នុងស្រះបង្កកំណើតចំនួន ៤។ ចំណែកឯ អណ្តើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងអាងធំធ្វើពីប្លាស្ទីក មុននឹងផ្ទេរចូលទៅក្នុងស្រះបង្កកំណើត៕

    អត្ថបទទាក់ទង