ក្រសួងសុខាភិបាល អំពាវនាវដល់អ្នកដែលបានទៅហាងម៉ាស្សា Let’s Relax Spa ទាំង៣ទីតាំង ធ្វើតេស្តរកមេរោគកូវីដ១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ បានធ្វើការអំពាវនាវដល់អ្នកដែលបានទៅទទួលសេវានៅទីតាំងម៉ាស្សា ៣កន្លែង មានភាពស្មោះត្រង់មកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដើម្បីចូលរួមចំណែកក្នុងការកាត់ផ្ដាច់បាននូវការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍យើងបានទាន់ពេលវេលា។ នៅបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ហាងម៉ាស្សាឈ្មោះ ឡេស៍រីឡេកស្ប៉ា(Let’s Relax Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ១៩ ម្នាក់ជាស្ត្រីជនជាតិចិន (មិនចាំថ្ងៃ) បានទៅប្រើប្រាស់សេវានៅទីនោះ។ ក្រោយការយកវត្ថុសំណាកពីបុគ្គលិកហាងម៉ាស្សាឈ្មោះ ឡេស៍រីឡេកស្ប៉ា(Let’s Relax Spa) ទាំង ៣ទីតាំង លើកទី១ និងទី២រួច លទ្ធផលវិភាគមន្ទីរពិសោធន៍បានបង្ហាញថា មានករណីវិជ្ជមានវីរុសកូវីដ១៩ លើបុគ្គលិហាងម៉ាស្សានេះ ចំនួន ០៣នាក់។
ដូច្នេះហើយដើម្បីទប់ស្កាត់បាននូវការចម្លងបន្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងអាចមានការចម្លងទ្រង់ទ្រាយចង្កោមធំៗ នៅក្នុងសហគមន៍ ក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនទាំងអស់ ដែលបានអញ្ជើញទៅប្រើប្រាស់សេវាម៉ាស្សាចាប់ពិថ្ងៃទី២៤ ខែកុម្ភៈ ដល់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅហាងម៉ាស្សាទាំង៣ទីតាំង រួសរាន់ទៅធ្វើតេស្តយកវត្ថុសំណាកធ្វើវិភាគនៅថ្ងៃទី ៩ ដល់ទី១១ ខែមីនា ឆ្នាំ២០២១(រាល់ម៉ោងធ្វើការ) និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះសម្បែងរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ ហាងម៉ាស្សាទាំង ៣ទីតាំងមាន៖
១-ឡេស៍រីឡេកស្ប៉ា(Let’s Relax Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
២- ឡេស៍រីឡេកស្ប៉ា(Let’s Relax Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
៣- ឡេស៍រីឡេកស្ប៉ា(Let’s Relax Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ១៩៩ ផ្លូវព្រះនរោត្ដម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕