គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        ក្រសួងសុខាភិបាល ប្រកាសថាករណីអ្នកជំងឺកូវីដ១៩ ម្នាក់ស្លាប់នៅខេត្តព្រៃវែង គឺដោយសារជំងឺស្ទះសរសៃឈាមបេះដូង មិនមែនកូវីដទេ

        ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១​ |
        ក្រសួងសុខាភិបាល ប្រកាសថាករណីអ្នកជំងឺកូវីដ១៩ ម្នាក់ស្លាប់នៅខេត្តព្រៃវែង គឺដោយសារជំងឺស្ទះសរសៃឈាមបេះដូង មិនមែនកូវីដទេ ក្រសួងសុខាភិបាល ប្រកាសថាករណីអ្នកជំងឺកូវីដ១៩ ម្នាក់ស្លាប់នៅខេត្តព្រៃវែង គឺដោយសារជំងឺស្ទះសរសៃឈាមបេះដូង មិនមែនកូវីដទេ

        ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្ដីជូនព័ត៌មានមួយដោយបានបញ្ជាក់ថា ករណីអ្នកជំងឺកូវីដ១៩ម្នាក់ស្លាប់នៅខេត្តព្រៃវែង គឺស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង មិនមែនស្លាប់ដោយសារជំងឺកូវីដទេ។
        យោងតាមការរាយការណ៍ពីមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៦៩ឆ្នាំ មានអាសយដ្ឋាននៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៤០នាទីព្រឹក នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែងដោយសារជំងឺស្ទះសរសៃបេះដូង (Infarctus du myocard)។

        បុរសវ័យ ៦៩ឆ្នាំនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទីល្ងាច ដោយសាររកឃើញមានវិជ្ជមានវីរុសកូវី-១៩ ដោយមានលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្រោយពីបានយកវត្ថុសំណាកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ពេលចូលមកដល់មន្ទីរពេទ្យខេត្តនេះ ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពគាត់ ហើយសភាពអ្នកជំងឺនៅពេលនោះ មិនមានក្អក មិនមានហត់ មិនមានក្តៅខ្លួន តែក្រុមគ្រូពេទ្យមានការកត់សម្គាល់នូវសម្ពាធឈាមរបស់អ្នកជំងឺឡើងខ្ពស់ខុសធម្មតា ដែលតាមការសាកសួរឃើញថា បុរសវ័យ ៦៩ឆ្នាំ រូបនេះ ធ្លាប់បានទៅពិនិត្យ និងព្យាបាលជំងឺប្រចាំកាយរបស់ខ្លួននៅគ្លីនិកឯកជន។ នៅវេលាម៉ោងប្រហែលជា ២៣និង០០នាទីយប់នៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានទៅពិនិត្យមើលសុខភាពគាត់ម្តងទៀត ឃើញថា មានសភាពធម្មតា។ នៅវេលាព្រឹកម៉ោងប្រហែលជា០៦:០០នាទីនៃថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុរសខាងលើ បានចេញមកធ្វើលំហាត់ប្រាណអស់ពេលជាយូរ ហើយក៏បានចូលទៅសម្រាកនៅក្នុងបន្ទប់របស់ខ្លួនវិញ ដោយបានសម្រាន្តលង់លក់ រហូតដល់អ្នកជំងឺកូវីដ-១៩ម្នាក់ទៀតដែលនៅសម្រាកជិតនោះ ដាស់គាត់ឱ្យពិសារបាយព្រឹក ក៏ឃើញថា បុរសវ័យ៦៩ឆ្នាំនេះ បានស្លាប់បាត់បង់ជីវិតទៅហើយ។

        ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៦៩ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du myocard) (មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ)។