ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ អាចកើតមាននៅបណ្ដាខេត្តមួយចំនួន
បន្ទាប់ពីបានតាមដានការប្រែប្រួសជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ខណៈដែលខ្យល់មូសុងនិរតីមានល្បឿនមធ្យមបក់លើប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី៨កញ្ញានេះ។
ក្នុងសេចក្ដីប្រកាសដែរនេះបានឲ្យដឹងទៀតថា ស្ថានភាពបែបនេះបានធ្វើឲ្យ៖
១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាព (អប្បបរមាពី ២៥-២៧oC, អតិបរមមាពី ៣០-៣២ oC) និងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ក្នុងនោះក៏មានផ្នែកមួយចំនួននៃបណ្ដាខេត្តភាគខាងត្បូង និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ច្រើន។
២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព (អប្បបរមាពី ២៣-២៥oC, អតិបរមមាពី ២៧-២៩ oC) នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។
៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព (អប្បបរមាពី ២៦-២៧oC, អតិបរមមាពី ២៨-៣០ oC) នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។ រលកសមុទ្រអាចមានកម្ពស់ពី០.២៥ ទៅ០.៧៥ម៉ែត្រ៕