សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពលោកស្រី អ៊ិន ម៉ានីតា ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកស្រី អ៊ិន ម៉ានីតា អាយុ ៦២ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ដែលនេះជាករណីស្លាប់ទី ៥ នៅកម្ពុជា។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានាបួងសួងដល់វិញ្ញាណក្ខន្ធសពលោកស្រី បានទៅកាន់សុគតិភាពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង។ ទន្ទឹមនឹងនេះ សូមបងប្អូនចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួច ដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕