អ្នកជំងឺចំនួន ០២នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា មានអ្នកជំងឺ ០២នាក់ ទៀតហើយ ដែលបានស្លាប់ដោយសារការវាយលុកពីមេរោគកូវីដ១៩។
បើតាមរបាយការណ៍របស់លោកជំទាវ យក់ សម្បត្តិ អ្នកដែលបានស្លាប់នោះ ម្នាក់ជាជនជាតិខ្មែរ ឯម្នាក់ទៀត ជាជនជាតិចិន។ អ្នកស្លាប់ទាំងពីរនាក់ មានអត្តសញ្ញាណដូចខាងក្រោម៖
១- អ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន ភេទប្រុស ជនជាតិខ្មែរ អាយុរ ៣៨ ឆ្នាំ ជាជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសារព័ត៌មានអភិវឌ្ឈន៍សង្គមខ្មែរ ស្នាកនៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ កំពុងស្ពឺ។ អ្នកជំងឺ ធាត់កំរិត១ និងលើសឈាម និងបានរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ និងត្រូវបានបញ្ជូនមកពីសណ្ឋាគារ Great Duke នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ ក្រុមគ្រូពេទ្យ បានរកឃើញថា គាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១។ រហូតដល់ម៉ោង ៧ និង ៣៥នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារការវាយលុកពីមេរោគកូវីដ១៩។
២- អ្នកជំងឺឈ្មោះ Wu Jiannan ភេពប្រុស ជនជាតិចិន អាយុរ ៤៣ឆ្នាំ ជួកបារី ជាបុគ្គលិក Casino កោះធំ។ រកឃើញថាមានវីរុសកូវីដ១៩ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ និងបានបញ្ជូនមកពីមន្ទីរពេទ្យចាក់អង្រែ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ ក្រុមគ្រូពេទ្យ បានរកឃើញថា គាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ រហូតដល់ម៉ោង ៧ និង៤៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារការវាយលុកពីមេរោគកូវីដ១៩។
សូមបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ អ្នកជំងឺស្លាប់ដោយសារមេរោគកូវីដ១៩ បានកើនឡើងដល់ ៧នាក់ហើយ ខណៈអ្នកឆ្លងជំងឺនេះ នៅតែមានជារៀងរាល់ថ្ងៃ ពិសេសការឆ្លងរាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕