គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    បទវិចារណកថា ៖« មរណភាព លោក ស៊ីនហ្សូ អាបេ ជាសារដាស់តឿនឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពថ្នាក់ដឹកនាំ »

    បទវិចារណកថា ៖« មរណភាព លោក ស៊ីនហ្សូ អាបេ ជាសារដាស់តឿនឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពថ្នាក់ដឹកនាំ »

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២​ |

    មរណភាពរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ដ្រីជប៉ុន កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោក។  ភ្ញាក់ផ្អើលត្រង់ថា លោកស្លាប់ដោយសារករណីឃាតកម្មបាញ់សម្លាប់។  ជនសង្ស័យឈ្មោះTetsuya Yamagami អាយុ៤១ឆ្នាំ ត្រូវចាប់ខ្លួនបានភ្លាមៗនៅនឹងកន្លែងកើតហេតុ គឺនៅក្នុងទីក្រុងNara ជាទីដែលលោក អាបេកំពុងថ្លែងសារទៅកាន់ប្រជាជនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មុនពេលរងការបាញ់ប្រហារ។ ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសួរចម្លើយ។  បើតាមការបញ្ជាក់ពីប៉ូលិស ជនសង្ស័យឆ្លើយយ៉ាងខ្លីថា រូបលោកមិនពេញចិត្ដនឹងលោក ស៊ីនហ្សូ អាបេ ទើបមានបំណងចង់សម្លាប់លោកអាបេ។  យ៉ាងណាក៏ដោយ មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី០៩ ខែកក្កដា យោងតាមប្រភពស៊ើបអង្កេត ជនសង្ស័យសារភាពបន្ថែមថា ដំបូងរូបគេគ្រោងវាយប្រហារមេដឹកនាំអង្គការសាសនាមួយ ដែលគេជឿជាក់ថា បានធ្វើឱ្យម្ដាយរបស់គេត្រូវក្ស័យធនតាមរយៈការបរិច្ចាគដល់សាសនានោះ។ គេសារភាពទៀតថា មានចេតនាសម្លាប់លោក អាបេ ដោយជឿជាក់ថាលោក អាបេ បានជាប់ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយក្នុងអង្គការនេះនៅក្នុងប្រទេសជប៉ុន ប៉ុន្ដែប៉ូលិសមិនបានលម្អិតពីអង្គការសាសនានោះឡើយ។ បើតាមជនសង្ស័យ  មុនធ្វើសកម្មភាព រូបគេបានទៅមើលទីតាំងដែលលោក អាបេ ថ្លែងសុន្ទរកថាច្រើនដង។ ឧប្បត្តិហេតុនៃអំពើហិង្សាដោយកាំភ្លើង គឺពិតជាកម្រមានណាស់នៅក្នុងប្រទេសជប៉ុន  ខណៈដែលប្រទេសនេះមានច្បាប់គ្រប់គ្រងកាំភ្លើងតឹងរ៉ឹងបំផុតលើពិភពលោក ហើយឧប្បត្តិហេតុនៃអំពើហិង្សាផ្នែកនយោបាយ គឺស្ទើរតែមិនធ្លាប់មានសោះតែម្តង។  ក្នុងឆ្នាំ២០១៤ មានឧបទ្ទវហេតុនៃការស្លាប់ដោយកាំភ្លើងត្រឹមតែ៦ករណីប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុន បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកមានរហូតដល់ទៅ៣៣,៥៩៩ករណី។ […]