សម្ដេចតេជោ សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីអនុវត្តគម្រោងស្ថាបនាផ្លូវចំនួន៣៩ខ្សែ ក្នុងក្រុងសៀមរាប
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងសេចក្ដីសម្រេចបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដែលទើបបានបង្កើតនេះមានសមាសភាពសរុបចំនួន១៨រូប ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានគណៈកម្មការ, ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអនុប្រធាន, ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ និងសមាជិកចំនួន ១៥រូបផ្សេងទៀត។
គណៈកម្មការនេះ មានតួនាទី ដឹកនាំ គ្រប់គ្រង សម្របសម្រួល លើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ, បង្កើតការងារ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញកំណើនភ្ញៀវទេសចរ, ត្រួតពិនិត្យ តាមដាន និងវាយតម្លៃគម្រោងស្ថាបនា, រៀបចំរបាយការណ៍ ស្ដីពីវឌ្ឍនភាព នៃការអនុវត្តគម្រោងជូនរាជរដ្ឋាភិបាល និងបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។
សូមរម្លឹកថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ ដើម្បីសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប៕