ថវិកាជាអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនក្រុមគ្រួសារសពជនរងគ្រោះដោយទឹកជំនន់
ភ្នំពេញ៖ ថវិកាដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិសពពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១២គ្រួសារនៅខេត្តបន្ទាយមានជ័យ និង៣គ្រួសារទៀតនៅខេត្តពោធិ៍សាត់ ហើយ។
នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រគល់ថវិកាជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារសាច់ញាតិរបស់ជនរងគ្រោះចំនួន ១២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ១០លានរៀល។
ក្នុងឱកាសនោះឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបគ្រួសារ សាច់ញាតិជនរងគ្រោះ ពីការចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាមួយគ្រួសារ សាច់ញាតិនៃសព។ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់គ្រួសារ សាច់ញាតិ ជនរងគ្រោះ ឱ្យប្រយ័ត្នប្រយែង និងថែទាំសុខភាពកុំឱ្យមានជំងឺតម្កាត់ផ្សេងទៀត និងគ្រោះថ្នាក់ដទៃទៀត។ ឯកឧត្ដមក៏បានណែនាំអាជ្ញាធរចូលរួម និងជួយចាត់ចែងពិធីបុណ្យរបស់សពនិមួយៗផងដែរ។
ដោយឡែងនៅថ្ងៃដដែលនេះដែរ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បាននាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនក្រុមគ្រួសារសពជនរងគ្រោះ ៣គ្រួសារ នៅខេត្តពោធិ៍សាត់ផងដែរ ដោយក្នុងមួយគ្រួសារទទួលបាន ១០លានរៀល។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ម៉ៅ ធនិន បានប្រកាសថា នឹងធានារ៉ាប់រងទាំងស្រុងចំពោះការរៀបចំបុណ្យសពជនរងគ្រោះ ៣នាក់ ដែលលង់ទឹកស្លាប់កំឡុងពេលមានជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់។
ក្នុងនោះដែរគ្រួសារសពម្នាក់ៗក៏បានទទួលជំនួយបន្ថែមទៀត ពីឯកឧត្ដមអភិបាលខេត្តដែល រួមមានអង្ករ ២០០ គីឡូក្រាម មី ១ កេសធំ នំធុង ២ កេស ទឹកត្រី ១ យួរ ទឹកស៊ីអ៉ីវ ១ យួរ ត្រីខ ៣ ឡូតិ៍ និងប្រេងសណ្តែក ២ ដប។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់១៧ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋសរុប២០នាក់ហើយដែលបានស្លាប់ដោយសារទឹកជំនន់៕