កម្ពុជា-ឥណ្ឌា ពិភាក្សាគ្នាឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានពិភាក្សាគ្នាដោយគិតគូរឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដើម្បីឲ្យទំហំទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែកើនឡើងថែមទៀត។ ការពិភាក្សាគ្នានេះ បានធ្វើឡើងនៅពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់បន្ទាប់ពីជំនួបចប់ថា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការសាទរចំពោះបេសកកម្មជោគជ័យរបស់លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កក្នុងរយៈពេលជិតបីឆ្នាំនៅកម្ពុជា ដែលបានធ្វើឲ្យទំនាកទំនងរវាងកម្ពុជា និងឥណ្ឌា មានការរីកចំរើនកាន់តែប្រសើរទៅមុខទៀត ហើយលោកឧបនាយករដ្ឋមន្ត្រីក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌាកន្លងមកដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ និងការគាំទ្រ ហើយនិងជំនួយសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់កម្ពុជា។ ក្នុងជំនួយផ្សេងៗ ដែលឥណ្ឌាបានផ្តល់មានដូចជា ជំនួយឥតសំណង កម្ចីសម្បទាន និងការផ្តល់អាហារូបករណ៍ផ្សេងៗ
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការចូលរួមរំលែកទុក្ខដល់ជនរងគញរោះដោយសារទឹកជំនន់ ក៏ដូចជាដោយសារជំងឺកូវីដ១៩ ផងដែរ ដល់ជនរងគ្រោះនៅឥណ្ឌា។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីក៏បានអរគុណដល់ឥណ្ឌាដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ដែលធ្វើឲ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើង ។ ហើយទំហំពាណិជ្ជកម្មពីឆ្នាំ២០១៨ មានត្រឹមតែ ២០៥លានដុល្លារតែប៉ុណ្ណោះ ដល់ពេលទទួលបានប្រព័ន្ធអនុគ្រោះពន្ធទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងដល់ជាង ២៥០លានដុល្លារ។ ហើយទេសចរណ៍ឥណ្ឌាមកកម្ពុជានៅឆ្នាំ២០១៩ ឡើងដល់៧ម៉ឺន ៥ពាន់នាក់ ។
អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា ភាគីទាំងពីរក៏បានគិតគូរឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដើម្បីឲ្យទំហំទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែកើនឡើងថែមទៀត។
ជាការឆ្លើយតបលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាបានសម្តែងនូវការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការបរទេស ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញដល់បេសកកម្មរបស់លោកស្រី ដែលធ្វើឲ្យបេសកកម្មរបស់លោកស្រីមានភាពជោគជ័យ។ ហើយរយៈពេលបីឆ្នាំនេះ បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ និងរីកចំរើនលើវិស័យផ្សេងៗ។ ដោយលោកស្រីបានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានទាំងទ្វេភាគី ដែលមានការផ្លាស់ប្តូរទស្សនកចិ្ចថ្នាក់ដឹកនាំកំពូលៗកន្លងមក។ ហើយក៏មានកិច្ចសហប្រតិបត្តិការខាងផ្នែកយោធា ជាពិសេសខាងផ្នែកបណ្តុះបណ្តាលខាងផ្នែកដោះមីន ដែលឥណ្ឌាបានផ្តល់ទាំងសំភារៈនិងបច្ចេកទេសខាងផ្នែកដោះមីននេះ៕ ប្រភព៖ BAYON Radio