ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និង ឯកឧត្តម អេនតូនី ប្លីនខេន រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក រំពឹងថានឹងបន្តពិភាក្សាលើបញ្ហានានាដែលបានលើកឡើងក្នុងឱកាសនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក និងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងផ្លាស់ប្ដូរយោបល់គ្នាផងដែរអំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់ពីជំងឺនេះ។