ប្រមុខការទូតកម្ពុជានឹងអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៣៧ តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី ៣៧ (CMF) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងប៉ារីស តាមប្រព័ន្ធវីដេអូ។
ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់លោក អូស្មាន ហ្សែរ៉ង់ឌី រដ្ឋមន្រ្តីក្រសួងការបរទេសចំណាកស្រុក និងប្រជាជនទុយនីស៊ីនៅក្រៅប្រទេស នៃសាធារណរដ្ឋទុយនេស៊ី ។
រដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូទាំងអស់ នឹងពិនិត្យមើលលើយុទ្ធសាស្ត្រសេដ្ឋកិច្ចសម្រាប់អង្កការOIF ដំណើរការនៃការកែទម្រង់ ការអនុវត្តគម្រោង និងសកម្មភាពរបស់អង្គការ OIF ព្រមទាំងផ្លាស់ប្ដូរទស្សនៈលើបញ្ហាប្រឈម និងបញ្ហាសេដ្ឋកិច្ចសង្គម ដែលអង្គការOIF និងពិភពលោកកំពុងជួបប្រទេស ជាពិសេសក្នុងបរិបទនៃវិបត្តិជំងឺកូវីដ១០ នាពេលបច្ចុប្បន្ននេះ៕