គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ប្រាប់អ្នកដឹកនាំរដ្ឋាភិបាលជំនាន់ក្រោយថា​បើចង់មាន​ឯករាជ្យភាព​លើ​វិស័យ​ការពារជាតិ​សូម​កុំប្រើប្រាស់​អាវុធ​របស់​អាមេរិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១​ |
    សម្តេចតេជោ ប្រាប់អ្នកដឹកនាំរដ្ឋាភិបាលជំនាន់ក្រោយថា​បើចង់មាន​ឯករាជ្យភាព​លើ​វិស័យ​ការពារជាតិ​សូម​កុំប្រើប្រាស់​អាវុធ​របស់​អាមេរិក សម្តេចតេជោ ប្រាប់អ្នកដឹកនាំរដ្ឋាភិបាលជំនាន់ក្រោយថា​បើចង់មាន​ឯករាជ្យភាព​លើ​វិស័យ​ការពារជាតិ​សូម​កុំប្រើប្រាស់​អាវុធ​របស់​អាមេរិក

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បាន​ចេញសារព្រមានមួយប្រាប់ទៅខ្មែរ​ដែលគ្រប់គ្រង​រាជរដ្ឋាភិបាល​ជំនាន់​ក្រោយ​ឲ្យ​បាន​ជ្រាប​ថា បើចង់មានឯករាជ្យភាព​លើវិស័យការពារ​ជាតិសូមកុំប្រើប្រាស់​អាវុធ​របស់​អាមេរិក​។

    តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ​បានសរសេរថា «កាលពីប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ សហរដ្ឋអាមេរិក​បាន​សម្រេច​អំពី​ការ​រឹត​ត្បិត​ការ​លក់​ដូរ​អាវុធ​ និង​សម្ភារៈ​យោធា​ដល់​កម្ពុជា។​ ខ្ញុំ​ឆ្លៀត​យក​ឱកាស​នេះ ​សូម​អរគុណ​ចំពោះ​សហរដ្ឋអាមេរិក​ ដោយ​សារ​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​លើ​បម្រាម​ការ​លក់ដូរ​អាវុធ​ និង​សម្ភា​រៈ​យោធា​មក​កម្ពុជា​នា​ពេល​នេះ ​គឺបាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ត្រឹមត្រូវ​ នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ ​កាល​ពីឆ្នាំ​ ១៩៩៤ ​ដែលនៅ​ពេល​នោះ ​ខ្ញុំបា​ន​ធ្វើកា​រសម្រេច​ចិត្ត​ ដោយមិន​ធ្វើ​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​អាវុធ​កម្ពុជា​ដែល​មាន​ពេល​នោះ ទៅ​ទិញ​ប្រព័ន្ធ​អាវុធ​អាមេរិក​។»

    ទន្ទឹម​នឹង​នេះ​ សម្ដេចតេជោ បាន​​ដាក់​ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជាបន្ទាន់​អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយ​ត្រូវ​ប្រមូលអាវុធ និង​សម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល​តាម​ការ​ជាក់​ស្តែង

    សម្ដេចតេជោបន្តថា តាមចំណាំរបស់សម្ដេច អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន បាន​ចាញ់​សង្រ្គាម ​ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក​និង​បាន​នាំ​ចូលអា​វុធ​ជាច្រើនម​ក​កម្ពុជា ​ហើយធ្វើឱ្យកម្ពុជា​ជាប់​បំណុលខ្មៅនេះ រហូត​មក​ដល់បច្ចុប្បន្ននេះ។ ថ្មីៗ​នេះ​ ទៀតសោត គឺ អ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់​សង្រ្គាម​នៅ​អាហ្គានីស្ថាន។ សម្ដេចបញ្ជាក់ថា​ សម្ដេចមាន​ជំនឿ​លើ​ភាពក្លាហាន ព្រមទាំងស្មារតី​ និង​ទឹកចិត្ត​ប្រយុទ្ធ​របស់​យុទ្ធជន​ក្នុង​សមរភូមិ ដើម្បី​ការពារ​បូរណភាពទឹកដី​របស់​កម្ពុជា ​ជា​ជាង​លើ​អាវុធ​តែ​មួយ​មុខ​

    ជាថ្មីម្តងទៀត សម្ដេចតេជោ សូម​អរគុណ​សហរដ្ឋអាមេរិក​ដែល​បាន​ជួយ​បញ្ជាក់ថា​ ការ​សម្រេច​ចិត្តរ​បស់​សម្ដេច​មិន​យល់​ព្រម​ទិញ​អាវុធ​ពី​អាមេរិក​ពិត​ជា​ត្រឹម​ត្រូវ​សម្រាប់​នយោបាយ​ការពារ​ជាតិ​របស់​កម្ពុជា​ហើយ​វា​ក៏​ជា​សារ​ព្រមាន​មួយ​ប្រាប់​ទៅ​ខ្មែរ​ដែល​គ្រប់​គ្រង​រាជរដ្ឋាភិបាល​ជំនាន់​ក្រោយឱ្យ​បាន​ជ្រាប​ថា​បើ​ចង់​មាន​ឯករាជ្យ​ភាព​លើវិស័យ​ការពារជាតិ​សូម​កុំ​ប្រើប្រាស់​អាវុធ​របស់​អាមេរិ​ក

    អត្ថបទទាក់ទង