គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវពលរដ្ឋកាត់បន្ថយការជួបជុំ ដើម្បី​កាត់​ទប់​ស្កាត់ការ​ឆ្លង​រីករាល​ដាល​មេរោគកូវីដ បំប្លែងខ្លួនថ្មី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវពលរដ្ឋកាត់បន្ថយការជួបជុំ ដើម្បី​កាត់​ទប់​ស្កាត់ការ​ឆ្លង​រីករាល​ដាល​មេរោគកូវីដ បំប្លែងខ្លួនថ្មី សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវពលរដ្ឋកាត់បន្ថយការជួបជុំ ដើម្បី​កាត់​ទប់​ស្កាត់ការ​ឆ្លង​រីករាល​ដាល​មេរោគកូវីដ បំប្លែងខ្លួនថ្មី

    ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈ​សារ​ជាសំឡេង​នៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការកាត់​បន្ថយ​ការ​ជួបជុំ​ដែល​មាន​មនុស្សច្រើន ដូចជា កន្លែងជួបជុំផឹកស៊ី ទីកន្លែងកម្សាន្តសប្បាយ និងត្រូវ​បន្ត​ប្រកាន់​យក​ឲ្យ​នូវវិធានការ ៣កុំ និង៣ការពារ ក៏ដូចជាវិធានការ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បីកាត់​ផ្ដាច់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង ដែល​កំពុង​មាន​ការ​ឆ្លង​កើនឡើង។

    សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះកម្រិត នៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង មានភាពធូរស្រាល បើប្រៀបធៀបនឹងមេរោគកូវីដ-១៩ ប្រភេទឌែលតា និងអាល់ហ្វា ក៏ពិតមែន តែបើសិនជាវានៅតែកើនចំនួន នៃករណីឆ្លងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃនោះ យើងនឹង​មាន​ការ​លំបាក​ក្នុង​ការទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងនោះមិនខាន។ សម្ដេចបានផ្ដល់អនុសាសន៍​​ដល់អាជ្ញាធរដែនដី គួរមានវិធានការរឹតត្បឹតបន្ថែមលើការជួបជុំបែបសាសនា ពិធីបុណ្យ ពិធីមង្គលការ និងការជួបជុំកម្សាន្តសប្បាយនានា ឲ្យមានចំនួនអ្នកចូល​រួមកាន់តែតិច​កាន់​តែល្អ និងត្រូវប្រកាន់ខ្ជាប់វិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត។

    ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ​ដោយ​ទទូច​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស សូមទៅ​ទទួល​យក​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ឲ្យ​បា​ន​គ្រប់​ៗគ្នា​ ដែលវ៉ាក់សាំងទាំងនោះ គឺជាយុទ្ធសាស្ត្រ​គន្លឹះ​ដើម្បី​ការពារ​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ពី​ជំងឺឆ្លងដ៏កាចសាហាវមួយនេះ៕

    ខាងក្រោមនេះជាសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយជនរួមជាតិប្រុងប្រយ័ត្នចំពោះការរីករាលដាលជំងឺកូវីដ-១៩ ៖

    អត្ថបទទាក់ទង