សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ
ត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីជនបទត្រូវបានសាងសង់រួចរាល់ និងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។
ទន្ទឹមនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នេះដែរ សមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តត្បូងឃ្មុំ គឺសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ដែលបានចំណាយថវិកាអស់ចំនួន ១ ៣៥០ ០០០ ដុល្លារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះផងដែរ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ប្រកបដោយក្តីរីករាយជាទីបំផុត។
សូមជម្រាបជូនថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះបានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់, អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត១ជាន់។
មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ៕