កម្ពុជាគាំទ្រការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP)
ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកកាលថ្ងៃទី១២កក្កដាម្សិលមិញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជាបានប្រសាសន៍បញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ(CSP)។
នាឱកាសនោះ ឯកឧត្តមឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជា នៅក្នុងតួនាទីនាពេលបច្ចុប្បន្ននេះ គឺដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំកំពូលពិសេសអាស៊ានសហរដ្ឋអាមេរិក ដែលត្រូវបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ប្រធានាធិបតី ចូ បៃឌិន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន នៅក្នុងឆ្នាំនេះ នារដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី កាលពីខែឧសភា កន្លងមកនេះ។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលជាកង្វល់ និងមានផលប្រយោជន៍រួមផងដែរ។
នៅក្នុងក្របខណ្ឌអាស៊ាន ភាគីទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក កាន់តែស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP)។
ឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានថ្លែងអំណរគុណកម្ពុជាចំពោះការគាំទ្រនេះ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាសភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នាពេលខាងមុខ៕