កម្ពុជា-សាធារណរដ្ឋកូរ៉េ សម្ដែងការពេញចិត្តចំពោះការរីកចម្រើនទំនាក់ទំនងទ្វេភាគីប្រកបដោយភាតរភាព
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ប៉ាក ជីន (Park Jin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ នៅ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនជាបន្តបន្ទាប់នូវទំនាក់ទំនង ទ្វេភាគីប្រកបដោយភាតរភាព ដូចស្តែងឱ្យឃើញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបានឯកភាពគ្នាជំរុញបន្ថែមទៀតកិច្ចសហប្រតិបត្តិការដែលមានស្រាប់។
ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយភាពធន់ រវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ដោយបានបញ្ជាក់ឱ្យឃើញតាមរយៈការកើនឡើងខ្ពស់នូវទំហំពាណិជ្ជកម្ម ទ្វេភាគី ទោះបីជាមានវិបត្តិជំងឺកូវីដ-១៩ ក្តី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មាន សុទិដ្ឋិនិយមថា សកម្មភាពពាណិជ្ជកម្ម នឹងត្រូវបានជំរុញកាន់តែខ្លាំង នៅពេលដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ចូលជាធរមាន ។