សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបុរសម្នាក់បញ្ឈប់សកម្មភាពបោកប្រាស់ថាខ្លួនជាប្អូនជីដូនមួយសម្ដេចតទៅទៀត
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នាល្ងាចថ្ងៃទី០៦កញ្ញាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បុរសម្នាក់មានឈ្មោះ ហ៊ុន វិបុល បញ្ឈប់សកម្មភាពបោកប្រាស់ដែលថាខ្លួនជាបងប្អូនជីដូនមួយរបស់សម្ដេចតេទៀតទៅ ដោយបានបញ្ជាក់ថា ប្អូនជីដូនមួយរបស់សម្ដេច ឈ្មោះ ហ៊ុន វិបុល ត្រូវបានប៉ុលពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។
សម្ដេចតេជោបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា “ ពេលនេះខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះហ៊ុន វិបុលពិតមែន តែប្អូនប្រុសរបស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។ ក្មួយរបស់ខ្ញុំ បានណែនាំ ហ៊ុន វិបុល តាមរយៈទូរស័ព្ទ ២លើកមកហើយ តែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយខ្ញុំមិនព្រមឈប់ ដែលរឿងនេះអាចបង្កឱ្យមានការភ័នច្រឡំថាខ្ញុំជាមនុស្សមិនរាប់អានបងប្អូន ”។
សម្តេចតេជោ ហ៊ុន សែន បន្តថា “ បងប្អូនជនរួមជាតិបានដឹងហើយថាខ្ញុំបានក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ និងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង។ និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ? ”។