សម្ដេចតេជោ សម្រេចបញ្ចេញវ៉ាក់សាំង AstraZeneca ១ម៉ឺនដូសបន្ថែមទៀតចាក់ជូនពលរដ្ឋនៅភ្នំពេញមានអាយុចាប់ពី៦០ឆ្នាំឡើង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បញ្ចេញវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១ម៉ឺនដូសបន្ថែមទៀត ចាក់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អាយុចាប់ពី ៦០ឆ្នាំឡើង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ យុទ្ធនាការនេះមានរយៈពេល ១៥ថ្ងៃ។ ការចាក់ត្រូវបានធ្វើឡើងនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្ថិតក្នុងខណ្ឌទាំង១៤។
យុទ្ធនាការនេះ មានផែនការចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥៥,៧០០នាក់។ ការសម្រេចរបស់សម្តេចតេជោ ក្នុងការបញ្ចេញវ៉ាក់សាំង ១ម៉ឺនដូសបន្ថែម សម្រាប់ចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ៥ពាន់នាក់បន្ថែមទៀត ដូច្នេះនឹងធ្វើឱ្យជនដែលត្រូវចាក់កើនដល់ ៦០,៧០០នាក់៕ ប្រភព៖ FreshNews