សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា១០លានរៀល និងគ្រឿងឧបភោគបរិភោគ ដល់យុវជនម្នាក់មានជំងឺជើងធំ រស់នៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឲ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះជួបសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន រួមនឹងថវិកាចំនួន ១០លានរៀល ជូនដល់យុវជនម្នាក់ដែលមានជំងឺជើងធំខុសពីធម្មតា។
លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានបង្ហាញពីក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់យុវជនដែលមានជំងឺនោះត្រូវមានស្មារតីរឹងមាំ ខិតខំថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមជូនពរឱ្យការព្យាបាលទទួលបានជោគជ័យ ជាសះស្បើយឡើងវិញ។
សូមជម្រាបជូនថា យុវជនមានជំងឺជើងឡើងធំខុសពីធម្មតា ឈ្មោះ លី សុថេត អាយុ ២៧ឆ្នាំ រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ដោយសារស្ថានភាពធ្ងន់ធ្ងរ ពេលនេះអ្នកជំងឺបានមកពិនិត្យសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្នាក់នៅបន្ទប់ជួលមួយក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំលទ្ធផលនៃការពិភាក្សា និងការសម្រេចព្យាបាលពីក្រុមគ្រូពេទ្យ។
ជាមួយគ្នានេះ យុវជន លី សុថេត និងឪពុកបង្កើត ដែលបានអញ្ជើញមកទទួលអំណោយនេះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែមានការសន្តោសប្រណី និងគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់គ្រប់ទីកន្លែង គ្រប់ពេលវេលាដោយគ្មានការរើសអើងអ្វីឡើយ ជាពិសេសការលើកទឹកចិត្តដ៏ធំធេង ដែលជាក្តីសង្ឃឹមមិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋគ្រប់រូប។
សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជាបានផ្តល់ជូន រួមមាន៖ អង្ករ ៦០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ឃីត(មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត រទេះរុញសម្រាប់ជនពិការ ១គ្រឿង និងថវិកា ១០លានរៀល៕