សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ឧបត្ថម្ភថវិកា ១០លានរៀលលោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា
ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី ៩ ខែមេសា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ឯក ភឿន ភិរៈ បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា បន្ទាប់ពីបានដឹងថា ករណីរបស់លោកបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅចំពោះរូបលោក។ លោកបានបួងសួងគោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និង សម្តេចតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រី សូមសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដើម្បីជាម្លប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីរាជការក្រោមឱវាទ។
គួររំលឹកផងដែរថា លោកអនុសេនីយ៍ឯក ភឿន ភិរៈ មានមុខរបរបន្ថែមជាសន្តិសុខធនាគារ ABA ប្រចាំការពេលយប់ ហើយកាលពីយប់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ថ្មីៗនេះ លោកបានប្រើសិទ្ធិការពារខ្លួនក្នុងពេលបំពេញភារៈកិច្ច ដោយត្រូវបានមហាជនធ្វើការគាំទ្រ ព្រមទាំងអាណិតអាសូរជាពន់ពេក។ ក្នុងករណីនេះព្រះរាជអាជ្ញាសាលា ដំបូងរាជធានីភ្នំពេញបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធក្នុងសំនុំរឿងនេះ ហើយព្រះរាជអាជ្ញា បានដោះលែងលោក ភឿន ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត៕